(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំជំរុញទឹកចិត្ត ដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងអ្នកជំនាញឯកទេសជំនាន់ថ្មី ត្រូវយកចិត្តទុកដាក់រួមសហការគ្នា រវាងឯកទេសពាក់ពាន់នានា ដើម្បីផ្តល់សេវា វះកាត់ និងជួយសង្គ្រោះអ្នកជំងឺធ្ងន់ទាំងឡាយឲ្យបានលទ្ធផលល្អប្រសើរ និងចៀសផុតពីផលលំបាក ឬគ្រោះថ្នាក់ដែលបណ្តាលមកពីភាពយឺតយ៉ាវ និងការជួយសង្គ្រោះមិនទាន់ពេល។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាគណៈអធិបតី ក្នុងសន្និសីទ្ទលើកទី២០ របស់សមាគមគិលាននុបដ្ឋាក ឯកទេសសន្តំ ប្រពោធនកម្មកម្ពុជា ក្រោមប្រធានបទ «ប្រសិទ្ធភាព និងសុវត្ថិភាព នៃការដាក់ថ្នាំសន្តំ និងប្រពោធនកម្ម» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបានបញ្ជាក់ថា មុខជំនាញ សន្តំនិងប្រពោធនកម្មនេះមានសារសំខាន់ និងតំរូវការខ្ពស់នៅគ្រប់មន្ទីរពេទ្យនានា ដូច្នេះការបណ្តុះបណ្តាលក្នុងសាលា និងក្នុងពេលបំពេញការងារ គឺត្រូវតែមានការកែរសម្រួលបំពេញបន្ថែមឲ្យសំរេចបានផលល្អ ទាំងបរិមាណ និងគុណភាព ទាំងចំណេះដឹងរឹង និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសាមគ្គីភាព ដើម្បីចូលរួមក្នុងការបំរើសេវាវះកាត់ និងសង្គ្រោះព្យបាលជំងឺធ្ងន់គ្រប់ប្រភេទឲ្យមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងរួមចំណែកកាត់បន្ថយអត្រាមរណៈភាពអ្នកជំងឺឲ្យនៅទាបបំផុត។

លោកសាស្ត្រាចារ្យ បានថ្លែងទៀតថា «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមផ្តាំផ្ញើដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងអ្នកជំនាញឯកទេសជំនាន់ថ្មី ត្រូវយកចិត្តទុកដាក់រួមសហការគ្នា រវៀងឯកទេសពាក់ពាន់នានាដើម្បីផ្តល់សេវា វះកាត់ និងជួយសង្គ្រោះអ្នកជំងឺធ្ងន់ទាំងឡាយឲ្យបានលទ្ធផលហ្អប្រសើរ និងចៀសផុតពីផលលំបាកឬគ្រោះថ្នាក់ដែលបណ្តាលមកពីភាពយឺតយ៉ាវឬការជួយសង្គ្រោះមិនទាន់ពេល»

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យបានបញ្ជាក់ជូនអង្គពិធីថា ប្រធានបទសន្និសិទ្ធដែលលើកឡើង នេះ ពិតជាបានឆ្លើយតប នឹងគោលនយោបាយកំណែទម្រង់ពិសេស គោលការអាទិភាពចំនួន៩ ដែលដាក់ចេញដោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាលនាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ សង្ឃឹមថាសមាជិក សមាជិកា នៃអង្គសន្និសីទទាំងអស់នឹងខិតខំពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺ ដោយការវះកាត់និងសង្គ្រោះជំងឺធ្ងន់ជូនប្រជាពលរដ្ឋអោយបានល្អបំផុត៕