(ភ្នំពេញ)៖ លោក ផេង គីមស្រ៊ុន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ឧបត្ថម្ភថវិកា ១០លានរៀលដល់ទូក-ងមានឈ្មោះ «សុវណ្ណកុមារ» ដើម្បីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់​ដល់​ចំណុះ​ទូកដែលចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែក្នុងរាជធានីភ្នំពេញ។

ទូក-ង «សុវណ្ណកុមារ» ជាទូកពីពីវត្តសុវណ្ណជ្រៃមាស ស្ថិតនៅភូមិជ្រៃ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់​ចាម។ ក្នុងឱកាសនាំយកអំណោយប្រគល់ជូនគណៈកម្មការទូកនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ផេង គីមស្រ៊ុន បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ចំណុះទូកទាំងអស់។

ទីប្រឹក្សាសម្តេចតេជោ បានគូសរំលេចនៅចំពោះមុខគណៈកម្មការ និងចំណុះទូកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានខកខានអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ដោយ​សារ​តែការរាតត្បាតជំងឺកូវីដ១៩ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាដើម។ ដូច្នេះព្រះរាជពិធី ដែលរៀបចំឡើងនាឆ្នាំនេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងមានសភាពអ៊ូអរ និងកងរំពង។ តាមព្រះរាជ​ពិធីជាទំនៀមទម្លាប់ប្រពៃណីខ្មែរនាពេលនេះ ក៏ស្តែងឱ្យឃើញពីគុណតម្លៃសុខសន្តិភាព និងការដឹកនាំបាន​យ៉ាងល្អរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

បន្ថែមពីលើនោះ លោក គីមស្រ៊ុន បានណែនាំដល់ចំណុះទូកឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ហូបចុកឱ្យ​មាន​អនាម័យ ហើយប្រឹងប្រែងរួបរួមសាមគ្គីគ្នាដណ្តើមយកជ័យជម្នះនៅក្នុងថ្ងៃប្រកួត។ លោក គីមស្រ៊ុន បានផ្តាំផ្ញើដល់ចំណុះទូកទាំងអស់ឱ្យប្រកាន់ឥរិយាបថអហិង្សាចៀសវាងការបង្កជម្លោះនានា​ក្នុងថ្ងៃប្រកួត​ទោះចាញ់ ឬឈ្នះក្តី ព្រោះថាការប្រកួតប្រជែងនាពេលនេះ ដើម្បីញ៉ាំងនូវព្រះរាជ​ពិធីជាទំនៀម​ទម្លាប់​របស់​ខ្មែរឱ្យសប្បាយរីករាយ ដូច្នេះមិនត្រូវមានជម្លោះណាមួយកើតឡើងនោះឡើយ៕