(តាកែវ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ដួចផ្ដើមកសាងឡើងនូវអង្គកឋិនទាន ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃគង់នៅវត្ត អង្គកំណប់ ឋិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទីខេត្តតាកែវ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ព្រះពុទ្ធសាសនា ជាសាសនារដ្ឋ មិនត្រឹមតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណ វប្បធម៌ ប្រពៃណីជាតិផងដែរ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់  បានបន្ថែមថា ទីអារាមក៏ជាថ្នាក់បណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ ហើយក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតសំខាន់លើចំណុចធំៗចំនួន៥រួមមាន៖ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល»។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានក្រើនរំលឹកដល់ប្អូនៗជាសិស្សានុស្ស យុវជន ដាច់ខាតត្រូវជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដោយក្នុងពេលថ្មីៗនេះមានករណីជាច្រើនពាក់ពន្ធ័និងបញ្ហាគ្រឿងញៀនបាននឹងកំពុងបង្កភាពចលាចលក្នុងសង្គម។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ បានមកពីការចូលរួមពីពុទ្ធបរិស័ទ សរុបចំនួន ៧៤លានរៀល វេប្រគេនដល់ព្រះសង្ឃគង់ចាំក្នុងពុទ្ធសីមាអស់កាលត្រីមាស ក្នុងវត្ត អង្គកំណប់ ក្នុងនោះបច្ច័យរបស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន ចំនួន ៥៤លានរៀល ដើម្បីទុកកសាងសមិទ្ធផលនានាក្នុងទីអារាម។

ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឧបត្ថម្ភនូវបច្ច័យដើម្បីចាក់បេតុងជុំវិញទីធ្លាអារាមវត្តអង្គកំណប់ឱ្យបានរួចជាស្ថាពរផងដែរ៕