(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងពុទ្ធបរិស័ទ បានផ្តួចផ្តើមដង្ហែអង្គកឋិនទានដង្ហែទៅកាន់វត្តសុវណ្ណជលសារ ហៅវត្តកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី ឃួន ឃុនឌី បានថ្លែងថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបប្រជាពលរដ្ឋ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។

លោកស្រី បានបញ្ជាក់ទៀតថា «ដើម្បីធានាបានសុខសន្តិភាពឲ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាព ដែលមានស្រាប់ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបាន ម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ក៏ដូចជារួមគ្នាថែរក្សាអនាម័យអោយបានជាប់ជានិច្ច»។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណះដែលកាន់ព្រះពុទ្ធសាសនាប្រាកដ ក្នុងចិត្តមកថាកាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែអង្គកឋិនទានទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាតាមទីអារាមនានានោះ នឹងទទួលបានអនិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ។

លោកបន្តថា បុណ្យកឋិនទានគឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា ហើយបុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥​កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ អ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ស្បង់ និងទេយ្យទានផ្សេងៗទៀត រួចគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុក៕