(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឃ្លាំង ហួត អភិបាលរងរាជធានី និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមដឹកនាំពី លោក ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃគណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានការចូលរួមពីរដ្ឋបាលខេត្ត និងអង្គភាព ដែលមានទូក ព្រមទាំងសមាជិកអនុគណៈកម្មការគ្រប់គ្រងទូក និងកន្លែងស្នាក់នៅរបស់កីឡាករ បានចុះពិនិត្យទីតាំងស្នាក់នៅរបស់កីឡាករ កីឡាការិនីប្រណាំងទូក មានចំនួន៣ទីតាំង។
ទីតាំងទាំង៣មាន ដូចខាងក្រោម៖
១-ទីតាំងដីរបស់អ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌឬស្សីកែវ
២-ទីតាំងដីរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត ក្នុងខណ្ឌឬស្សីកែវ
៣-ទីតាំងដីរបស់ក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានធ្វើដំណើរតាមទូកទេសចរណ៍ ដើម្បីពិនិត្យ និងកំណត់ទីតាំងចំណតទូក តាមច្រាំងទន្លេសាប និងផ្លូវ ដេីម្បីក្រុមការងារទូកទាំងអស់ងាយស្រួលក្នុងការឡេីងមកដីគោក ស្នាក់នៅក្នុងរោង ដែលសាលារាជធានីភ្នំពេញរៀបចំជូន៕