(សៀមរាប)៖ ដើម្បីរួមចំណែកទាញភ្ញៀវទេសចរជប៉ុនមកកម្ពុជាបន្ថែម អាជ្ញាធរនៅក្នុងខេត្តសៀមរាប បានស្នើឲ្យព្រះសង្ឃជប៉ុន ជួយសាងសង់វត្តបែបព្រះពុទ្ធសាសនាជប៉ុនមួយនៅក្នុងខេត្តសៀមរាប។ ក្រៅពីស្នើឲ្យសាងសង់វត្តហើយនោះ អាជ្ញាធរខេត្តសៀមរាប ក៏ស្នើ ព្រះសង្ឃជប៉ុនជួយរៀបចំកែលម្អសួនច្បារអនុស្សាវរីយ៍រវាងជប៉ុនកម្ពុជា នៅខាងមុខព្រះរាជដំណាក់ ម្ដុំព្រះអង្គចេក ព្រះអង្គចម នាក្រុងសៀមរាប និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយព្រះសង្ឃខ្មែរនៅក្នុងខេត្តសៀមរាប។
សំណើទាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងសំណេះសំណាលមួយរវាងអាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប គណៈប្រតិភូព្រះសង្ឃ នៃព្រះពុទ្ធសាសនាជប៉ុននិកាយ សូតូស៊្សូ (SOTO-ZEN) របស់ប្រទេសជប៉ុន ។
តែសំណើនេះមិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ដោយគណៈប្រតិភូព្រះសង្ឃជប៉ុនរង់ចាំការពិភាក្សាជាមួយថ្នាក់ដឹកនាំសាសនារបស់គេជាមុនសិន។
ព្រះតេជគុណ កាម៉ាដា រីយូប៊ុន ប្រធានគណៈសង្ឃជប៉ុន ខាងនិកាយ សូតូស៊្សូ (SOTO-ZEN) បានឲ្យដឹងក្នុងកិច្ចសំណេះសំណាលនោះថា ក្នុងទស្សនកិច្ចមកកាន់ខេត្តសៀមរាប ក្នុងគោលបំណងការសិក្សាស្វែងយល់ផ្លាស់ប្ដូរបទពិសោធន៍ ផ្នែកព្រះពុទ្ធសាសនារបស់ប្រទេសជប៉ុន និង ប្រទេសកម្ពុជា។
ព្រះតេជគុណ កាម៉ាដា រីយូប៊ុន បន្តថា នៅលើពិភពលោកនាពេលបច្ចុប្បន្ន មានជនរងគ្រោះដោយសារសង្គ្រាមមានជាច្រើន ហើយ សូតូស៊្សូ (SOTO-ZEN) តែងតែបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ដោយចាត់ទុករាល់ការឈឺចាប់របស់ដៃគូរ ជាការឈឺចាប់របស់ខ្លួន និងមានការជួយចូលរួមចំណែករំលែកនូវរាល់ទុក្ខលំបាត់ទាំងនេះ ដែលធ្វើឲ្យពុទ្ធបរិស័ទ្ធមានភាពជឿជាក់។
ព្រះតេជគុណ បានបញ្ជាក់ដូច្នេះ «វិស័យសាសនារបស់យើងខ្ញុំ មានប្រវត្តិតាំងពី ៧៩០ឆ្នាំមុនមកម្លេះ គឺចាប់ផ្ដើមដោយមានការតាំងសម្មាធិ ពីប្រទេសចិន ហើយបន្តតំណែងនេះ គឺបួនជំនាន់មកហើយ ដោយអង្គុយសម្មាធិជាចម្បង និងអនុវត្តតៗគ្នារហូតមក ។ បច្ចុប្បន្ន សូតូស្ស៊ូ កំពុងអនុវត្តសកម្មភាពរបស់ខ្លួន ដោយផ្សារភ្ជាប់ពាក្យស្លោកថា “រួមគ្នាបន់ស្រន់ រួមគ្នាសហការ រួមគ្នាអនុវត្ត” ហើយយើងរួមគ្នា ដើម្បីឲ្យពិភពលោកមានសុខ សន្ដិភាព តាមរយៈការរួបរួមកម្លាំងគ្នា»៕