(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជា បានផ្តួលទីក្រុង Pompeii នៃប្រទេសអ៉ីតាលី ក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក។ អច្ឆរិយៈទី៨ នៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការ ដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារផ្សេងៗទៀត។
នេះបើតាមការផ្សាយដោយគេហទំព័រ Time of India Travel នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ និងត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃសាសនាហិណ្ឌូ។ ទោះជាយ៉ាងណា ក្រោយមកបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនា។
ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណីត ដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។
សូមជម្រាបថា ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាទីក្រុងបុរាណមួយ ក្នុងចំណោមតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុតលើពិភពលោក ក្នុងមួយឆ្នាំៗ មានអ្នកទស្សនារាប់លាននាក់៕