(ភ្នំពេញ)៖ បន្ទាប់ពីមានលើកឡើងរបស់លោក ហុង លីម ប្រាប់វិទ្យុអាស៊ីសេរី ថា លោកគ្រោងនឹងបើកវេទិកាសាធារណៈមួយ ដើម្បីស្វែងរកលទ្ធភាព ក្នុងការធ្វើសេចក្ដីសម្រេចដាក់សម្ពាធកម្ពុជាឲ្យគោរពសិទ្ធិសេរីភាព និងជំរុញឲ្យរដ្ឋសភាអូស្ត្រាលី បិទទិដ្ឋាការមិនឲ្យសម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីកំពូលៗ មួយចំនួនដែលរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចូលប្រទេសអូស្ត្រាលី បាននៅថ្ងៃទី១៩ ខែសីហានេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈអង្គភាព Fresh News បានសម្តែងការប្រតិកម្មឆ្លើយតបវិញថា ជាការលើកឡើងឥតប្រយោជន៍ គ្មានបានការប៉ាត់ណាប៉ាត់ណី គ្មានយល់ពីច្បាប់អីបន្តិចសោះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រូបនោះ បានប្រតិកម្មឆ្លើយតបនឹងបុគ្គល ហុង លីម ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
ទី១៖ ការលើកឡើងរបស់លោក ហុង លីម នេះគឺធ្វើដោយអារម្មណ៍ ប្រហែលជាមានការមិនពេញចិត្ត ឬទំនាស់បុគ្គលរបស់គាត់ជាមួយមន្ដ្រីរាជរដ្ឋាភិបាលមួយចំនួន ដល់ប៉ះពាល់អារម្មណ៍ខ្លាំងទៅ ធ្វើឲ្យការលើកឡើងរបស់គាត់វាប៉ាត់ណាប៉ាត់ណី។
ទី២៖ គាត់ទទួលព័ត៌មានបានតែមួយចំហៀង ដោយផ្គាប់មុខហើយគាត់មិនបានឃើញទិដ្ឋភាពជាក់ស្ដែងអំពីស្ថានភាពនៅកម្ពុជា ម្ល៉េះហើយការវាយតម្លៃខុស
ទី៣៖ ខ្ញុំមិនមានការព្រួយបារម្មណ៍អីនោះទេ ព្រោះបណ្ដាប្រទេសនីមួយៗភ្ជាប់ទំនាក់ទំនងរវាងអូស្ដ្រាលី និងកម្ពុជា គេមិនដែលផ្ដាច់ការទូត ឬក៏បិទទិដ្ឋាការមិនឲ្យសម្ដេចតេជោ អញ្ជើញទៅនោះទេ។ សម្ដេចតេជោ ហ៊ុន សែន មិនបានធ្វើអីខុសទេ លោកជានាយករដ្ឋមន្ដ្រីមួយស្របច្បាប់ ដែលទទួលបានគាំទ្រពីប្រជាពលរដ្ឋ មានការស្រលាញ់ គេបោះឆ្នោតឲ្យអញ្ជឹងគ្មានការព្រួយបារម្មណ៍ជាមួយការបិទទិដ្ឋាការអីនោះទេ។
ទី៤៖ គាត់អត់បានយល់ថា តើប្រជាពលរដ្ឋខ្មែរនៅកម្ពុជាទទួលរំលោភសិទ្ធិអី ហើយសិទ្ធិសេរីភាពរបស់ពួកគាត់កំពុងតែត្រូវបានដំណើរការជាប្រក្រតី យើងសង្កេតឃើញថា ពួកគាត់មានសិទ្ធិទទួលបាននូវព័ត៌មាន សិទ្ធិទទួលនូវការបញ្ចេញមតិ ហើយពិនិត្យមើលទៅតាមវិទ្យុ តាមព័ត៌មាន តាម Facebook សុទ្ធតែទទួលព័ត៌មាន ហើយអ្នកខ្លះរហូតដល់ប្រើសិទ្ធិហ្នឹងហួស ទៅបំពាន ជេរប្រទិច បណ្ដាសា ប៉ុនប៉ងសម្លាប់សម្ដេចតេជោ ចង់ឲ្យលោកស្លាប់សព្វគ្រប់បែបយ៉ាង។ ប្រទេសមួយបើកាលណាមានសន្ដិភាព ស្ថេរភាពនយោបាយ អត់មានចលាចល ហើយសិទ្ធិមនុស្សនេះគឺត្រូវបានធានាហើយ ហើយយើងនឹងជម្រុញឲ្យមានការលើកតម្កើនបន្ថែមទៀត។
សូមជំរាបថា មួយថ្ងៃពីរនេះ, លោក ហុង លីម បាននិយាយប្រាប់វិទ្យុបរទេស ជាខេមរភាសា (អាស៊ីសេរី) ថា លោកគ្រោងនឹងបើកវេទិកាសាធារណៈមួយ ដើម្បីស្វែងរកលទ្ធភាពក្នុងការធ្វើសេចក្ដីសម្រេច ដាក់សម្ពាធដល់កម្ពុជា ឲ្យគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជំរុញឲ្យរដ្ឋសភាអូស្ត្រាលី បិទទិដ្ឋាការមិនឲ្យសម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីកំពូលៗ ដែលរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចូលប្រទេសអូស្ត្រាលីបាន៕