(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះរបស់ស្រុកជលគិរី បានបើកកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសនេសាទរយៈពេល៣ថ្ងៃជាប់គ្នា ដោយបានរុះរើ និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ (របាំងស្បៃមុង) នៅក្នុងទីតាំងដ៏សំខាន់មួយ ស្ថិតនៅចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី។ ជាលទ្ធផលសមត្ថកិច្ចចម្រុះបានរុះរើ និងដុតបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ (របាំងស្បៃមុង) បានជាច្រើនពាន់ម៉ែត្រ និងឧបករណ៍នេសាទជាច្រើនទៀត។

កម្លាំងចម្រុះដែលបានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ រួមមាន៖ មន្ត្រីរដ្ឋបាលជលផល, មន្ត្រីកងរាជអាវុធហត្ថ, មន្ត្រីនគរបាល, ប្រជាការពារ, សហគមន៍នេសាទ សរុបប្រមាណពី៣០ ទៅ៤០នាក់ មធ្យោបាយកាណូតបាឡាស្មាច់ជាង១០គ្រឿង បានបើកប្រតិបត្តិការចុះធ្វើសកម្មភាពរុះរើ និងដុតបំផ្លាញចោលនៅឧបករណ៍នេសាទល្មើសច្បាប់ នៅចំណុចទីតាំងបឹងធំខាងលើនេះ ដែលជាបឹងដ៏ធំមួយបម្រើដល់ប្រជា នេសាទចំនួន២ខេត្ត គឺកំពង់ចាម ដែលមានពលរដ្ឋរស់នៅក្នុងស្រុកបាធាយ និងកំពង់ឆ្នាំងមានពលរដ្ឋរស់នៅក្នុងស្រុកជលគិរី។

ចំណែកទីតាំងបឹងដ៏សំខាន់មួយនេះ ជារៀងរាល់ឆ្នាំ ក្រុមឈ្មួញអ្នកមានលុយគេតែងប្រព្រឹត្តបទល្មើសនេសាទ ដោយដាក់របាំងលបលូ ប្រើដោយឧបករណ៍ស្បៃមុងដែលមានប្រវែងវែងៗ ដោយរបាំងខ្លះមានប្រវែងចាប់ពី៣០០ម៉ែត្រ រហូតរាប់ពាន់ម៉ែត្រ ទាំងរបាំងវែង និងមធ្យមមានរាប់សិបរបាំង ដាក់លាតសន្ធឹងខ្វាត់ខ្វែងពាសពេញផ្ទៃបឹងដែលធ្វើឲ្យប្រជានេសាទ រកនេសាទជាលក្ខណៈគ្រួសារជួបការលំបាកមិនអាចរកត្រីបាន ដោយសារតែក្រុមឈ្មួញ បានដាក់របាំងវែងៗ កាត់ពីក្បាលលើធ្វើឲ្យត្រីមិនអាចចរាចរណ៍បាននោះឡើយ។

ការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងធំខាងលើនេះ ពលរដ្ឋរស់នៅក្នុងសហគមន៍ក្នុងឃុំជលសា ស្រុកជលគិរី ភាគច្រើនលើសលុបសាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការរបស់សមត្ថកិច្ចចម្រុះ ដែលបានចុះរុះរើ និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទស្បៃមុងរបស់ក្រុមឈ្មួញ ដើម្បីផ្តល់លទ្ធភាពឲ្យប្រជានេសាទរកនេសាទជាលក្ខណៈគ្រួសារ ដែលពលរដ្ឋភាគច្រើនរស់នៅតាមដងទន្លេ មានមុខរបរជាអ្នកនេសាទត្រី តែពួកគាត់មិនមានលទ្ធភាពប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចមេឈ្មួញធំៗ មួយចំនួននោះឡើយ។

ប្រជាពលរដ្ឋក៏សុំសំណូមពរដល់មន្ត្រីជំនាញរដ្ឋបាលជលផល សូមមេត្តាចុះរុះរើរបាំងស្បៃមុងដែលនៅមានចំនួន២ទីតាំងទៀត ដែលជាទីតាំងដ៏សំខាន់ផងដែរ ព្រោះឈ្មួញបាននិងកំពុងតែដាក់របាំងភ្ជិតព្រែកចំនួន២ព្រែក គឺព្រែក (ចាអោក) និងព្រែក (ប៉ារឿ) ព្រែកទាំង២នេះសំខាន់ណាស់ គឺនៅរដូវទឹកឡើងត្រីបានឡើងទៅរកកន្លែងពងកូន នៅឯក្បាលលើតាមព្រែកទាំង២នេះ ឯនៅរដូវសម្រកពងហ្វូងត្រីត្រូវចុះមករកទីទឹកជ្រៅ តាមរយៈព្រែកទាំង២នេះ មកកាន់បឹងធំនិងទន្លេវិញផងដែរ។ ព្រែកទាំង២ នេះបច្ចុប្បន្នត្រូវបានឈ្មួញដាក់របាំងស្បៃមុងកាត់ព្រែកទាំង២នេះ ដែលមានប្រវែងរាប់រយម៉ែត្រ ក្នុងព្រែកនីមួយៗ ធ្វើឲ្យហ្វូងត្រីមិនអាចចរាចរណ៍ចុះមករកទីទឹកជ្រៅបាន។

ពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា នៅទីវាលទំនៀប និងបឹងបួរ ជាច្រើននៅចំណុចក្បាលលើ គឺមានទំហំធំល្វឹងល្វើយ ក្នុងរដូវទឹកឡើង គឺអាចស្តុកទឹកដែលមានទំហំប្រមាណរាប់សិបគីឡូម៉ែត្រការ៉េឯណោះ។ ចំណែកត្រីក៏មានច្រើនដែលត្រូវចុះនាំកូនចៅមករកទីទឹកជ្រៅវិញ ហេតុនេះពួកគាត់សំណូមពរឲ្យមន្ត្រីជំនាញ មេត្តាចុះរុះរើរបាំងដាក់ភ្ជិតព្រែកទាំង២ខាងលើនេះ ដើម្បីរំដោះហ្វូងត្រី ឲ្យបានចុះមកដល់ទីទឹកជ្រៅចិញ្ចឹមកូនចៅរបស់វាបន្តពូជពង្ស ពួកគាត់ក៏បានបញ្ជាក់បន្ថែមផងដែរថា ចំណែករបាំងស្បៃមុង នៅក្នុងបឹងធំដែលក្រុមចំរុះធ្វើការបង្ក្រាបកាលថ្ងៃមុន បច្ចុប្បន្នក៏ត្រូវបានគេដាក់វិញទៀតមួយចំនួនផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា រយៈពេល២-៣ថ្ងៃជាប់គ្នានេះ នៅចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី កម្លាំងចម្រុះដែលមានគ្នាប្រមាណពី៣០ ទៅ ៤០នាក់ ដឹកនាំដោយរូបលោកផ្ទាល់បានចុះធ្វើសកម្មភាពរុះរើ និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ (របាំងស្បៃមុង) នៅទីតាំងខាលើនេះបានរាប់ពាន់ម៉ែត្រ និងឧបករណ៍នេសាទផ្សេងទៀតជាច្រើន ឧបករណ៍ទាំងអស់នេះ ត្រូវបានកម្លាំងចម្រុះដុតបំផ្លាញចោលនៅនិងកន្លែងតែម្តង។

លោកបញ្ជាក់ថា ចំពោះការដាក់របាំងស្បៃមុងភ្ជិតព្រែកទាំង២ខាងលើ ដែលប្រជាពលរដ្ឋបានរាយការណ៍មកនោះ គឺទីតាំងនោះកម្លាំងចម្រុះក៏បានធ្វើការរុះរើចេញអស់ហើយ ដោយមិនមាននៅសេសសល់នោះទៀតឡើយ។ ឯការដាក់របាំងភ្ជិតព្រែកនេះផងដែរ គឺក្រសួងបានចេញសេចក្តីណែនាំហើយ ដោយចាប់ពីឆ្នាំ២០២៣នេះតទៅ មិនអនុញ្ញាតឲ្យដាក់របាំងធ្នោះពីភ្ជិតព្រែក ប្រឡាយ ចង្អូរ ជាដាច់ខាត ហេតុនេះលោកត្រូវតែរុះរើ និងបំផ្លាញចោលដោយមិនអនុញ្ញាតឲ្យកើតមានជាបន្តទៀតនោះឡើយ ករណីនៅតែចចេះរឹងរូសលោកនឹងអនុវត្តតាមនីតិវិធីផងដែរ។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បន្ទាប់ពីលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានថា មានសកម្មភាពបទល្មើសនេសាទដោយប្រើឧបករណ៍របាំងស្បៃមុងជាច្រើន នៅចំណុចឃុំជលសា ស្រុកជលគិរី លោកក៏បានបញ្ជាឲ្យកម្លាំងជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងសហគមន៍ ដើម្បីចុះធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់នោះ នៅទីតាំងខាងលើនេះផងដែរ។

លោកបានបញ្ជាក់ទៀតថា ចំពោះការដាក់របាំងស្បៃមុងភ្ជិតព្រែក ចំនួន២ទីតាំង នៅចំណុចបឹងធំ និងការកើតមានឡើងវិញនូវរបាំងស្បៃមុងនៅចំណុចបឹងធំខាងលើនេះដែរ ប៉ុន្មានថ្ងៃកន្លងទៅនេះ លោកក៏បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ តាមរយៈការឆាតសម្លេងតាមតេឡេក្រាមមកលោកជាច្រើននាក់ផងដែរ។ លោកក៏បានចាត់ឲ្យលោកអនុផ្នែក ម្នាក់ដឹកនាំកម្លាំងចុះទៅរុះរើ និងបំផ្លាញចោលនៅចំណុចទីតាំងខាងលើនេះជាបន្ទាន់ ព្រោះដោយសារមួយរយៈនេះ លោករវល់ការងារចាំបាច់ជាច្រើនមិនទាន់បានទទួលព័ត៌មានថា តើមន្ត្រីរបស់លោកបានធ្វើកិច្ចការនេះហើយឬនៅនោះទេ។

តែទោះជាយ៉ាងណា នៅពេលលោកចប់កិច្ចការ លោកនឹងចុះទៅពិនិត្យជាក់ស្តែង ចំពោះទីតាំងខាងលើនេះដោយផ្ទាល់ ដើម្បីចាត់វិធានការរុះរើ និងបំផ្លាញចោល ឲ្យអស់ និងមិនឲ្យកើតមានជាដាច់ខាត ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿ និងទំនុកចិត្តមកលើមន្ត្រីជំនាញ៕