(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ស្តីពី «ប្រសិទ្ធភាព និងការគ្រប់គ្រងការប្រើប្រាស់កម្មវិធីនៃការចុះឈ្មោះបោះឆ្នោត» វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤​ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីរួមតាកែវ។

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋាន អប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ កម្មវិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ រដ្ឋបាលសាលាខេត្តតាកែវ។

លោក ស៊ុំ ប៊ុនហុង បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ពី មជ្ឈដ្ឋានទូទៅ ទាំងជាតិ និងអន្តរជាតិ និងជាមោទនភាព ដែលកម្ពុជាមានចំនួនអ្នកចូលរួមបោះឆ្នោតរហូតដល់ទៅ ៨៤.៥៩%។

លោកបានរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅត្រូវបានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើនបានចេញ សេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើនេះ ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ក៏បានវាយតម្លៃខ្ពស់ ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងជាពិសេសពីបរិយាកាសល្អ ប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា «ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដាអន្តរជាតិ» «ការបោះឆ្នោតសកលឆ្នាំ២០២៣ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌» និងការរាប់សន្លឹកឆ្នោត ដោយដៃមានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មក គ.ជ.ប  តាមលំដាប់ថ្នាក់ និង តាមប្រព័ន្ធអេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យទុកចិត្តបាន...។ល។

លោកបានបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ គ.ជ.ប ក៏បានធ្វើសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាង វាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបង ដោយផ្តោតលើប្រធានបទសំខាន់ៗ ចំនួន៥ជុំវិញដំណាក់កាលទាំង៤ នៃដំណើរការរៀ ចំការបោះឆ្នោតដើម្បីដាក់ឱ្យភាគីពាក់ព័ន្ធ ពិភាក្សាផ្លាស់ប្ដូរអយោបល់ រកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ក្នុងអំឡុងពេលនៃដំណើការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ហើយដែលផ្តើមចេញពីលទ្ធផលនៃអង្គសន្និបាតកន្លងទៅថ្មីៗនេះ គ.ជ.ប អាចដកស្រង់ចេញបាននូវវាមរៀន និងបទពិសោធន៍មួយចំនួន ក្នុងគោលបំណងដើម្បីកែលម្អដំណើរការនៃការរៀបំការបោះឆ្នោត នាពេលខាងមុខឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឱ្យយល់ដឹងពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនៅគ្រប់ដំណាក់ការនៃការបោះឆ្នោត ជាកត្តាចាំបាច់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីឱ្យពួកគាត់អនុវត្តតួនាទី ភារកិច្ច និងបច្ចេកទេសនៃការរៀបចំការបោះឆ្នោតឱ្យបានល្អ ត្រឹមត្រូវស្របតាមគោលការណ៍ បែបបទ នីតិវីធី ដែល គ.ជ.ប បានដាក់ចេញសម្រាប់អនុវត្ត។ ការអប់រំអ្នកបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតជូនសាធារណជន គ.ជ.ប បានអនុវត្តបានល្អហើយ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំបន្ថែមទៀតឱ្យដល់ប្រជាពលរដ្ឋដែលរស់នៅជនបទ តំបន់ដាច់ស្រយាល និងបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអប់រំអំពីសារៈសំខាន់នៃការបោះឆ្នោត។

វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេលពីរថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដោយមានសិក្ខាកាមចូលរួមប្រមាណ៨០នាក់ ជាថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ និងមន្រ្តី នៃទីស្តីការ គ.ជ.ប  ហើយផ្តោតលើប្រធានបទសំខាន់ៗ ចំនួន ៤រួមមានទី១៖ សុវត្ថិភាពនៃការប្រើប្រាស់កម្មវិធីតាមប្រព័ន្ធអ៉ីនធឺណិត, ទី២៖ លំហូរនៃការគ្រប់គ្រងគម្រង់នៅ គ.ជ.ប លធ.ខប  និង គ.ទ.ប, ទី៣៖ ការគ្រប់គ្រង និងប្រើប្រាស់កម្មវិធីពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងទី៤៖ លំហាត់អនុវត្តការប្រើប្រាស់កម្មវិធីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕