(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល១៥ថ្ងៃ។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។

ការបញ្ជាក់ឱ្យដឹងរបស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងក្នុងកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា ការដោះស្រាយពាក្យបណ្តឹង ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នា២០២៣នេះ។

នាឱកាសនោះលោក ឌឹម សុវណ្ណារុំ ក៏បានបញ្ជាក់អំពីភាពមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន៖

*មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង និងបព្វជិតសាសនា
*ជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែល មិនទាន់មាននីតិសម្បទាឡើងវិញ
*ជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត
*ជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលទូទៅដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច
*ជនដែលត្រូវដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះ ពីបញ្ជីបោះឆ្នោតដោយ គ.ជ.ប ឬ
*សមាជិក គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬ
*សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
*សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

លោក ឌឹម សុវណ្ណារុំ បានបន្តថា អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា ២៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបំពេញលក្ខខណ្ឌតាមកំណត់នៃច្បាប់៖

-មានសញ្ជាតិខ្មែរពីកំណើត
-មានអាយុ ៤០ (សែសិប) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
-មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
-បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកល ចំនួន ២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប
-មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា
-មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។

លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ការអនុវត្តសិទ្ធិបោះឆ្នោតខាងលើ ត្រូវបានកំណត់យកត្រឹមការបោះឆ្នោតជាសកលមួយលើកចុងក្រោយ ដែល រៀបចំឡើងដោយ គ.ជ.ប គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយ ត្រូវបំពេញពាក្យសុំចុះបញ្ជីនេះ ចំនួន ២ច្បាប់ និងមានឯកសារភ្ជាប់មកជាមួយ ចំនួន ១០ច្បាប់។ ចំពោះការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវពិនិត្យសម្រេច ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យសុំ៕