(ភ្នំពេញ)៖ លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានជួបពិភាក្សាការងារ លោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលនិធិទាំងពីរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ជំនួបពិភាក្សាដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ប៉ែន សុបភា និង លោកបណ្ឌិត Philip Robinson បានរំលឹកអំពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេសទាំងពីរ កម្ពុជា និង ស្វីស និយាយជារួម និងនិយាយដោយឡែករវាង មូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងមូលនិធិទាំងពីរ ក្នុងការទ្រងទ្រង់កិច្ចដំណើរការ និងធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសសកម្មសង្រ្គោះជីវិតកុមារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមិនរើសអើស។
ជាមួយគ្នានេះ លោកស្រី ប៉ែន សុបភា បានបង្ហាញពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចដាក់ចេញនូវ«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ដោយបានផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខភាព និងសុខុមាលភាពពលរដ្ឋ ដោយផ្តោតលើការបន្តបង្កើនគុណភាព និងសមត្ថភាពក្នុងការព្យាបាល និងការថែទាំ ដែលទាមទារឱ្យមានការបន្តខិតខំ និងបន្តសហការគ្នាក្នុងការផ្តល់សេវាថែទាំ និងព្យាបាលពីគ្រប់មូលដ្ឋានសុខាភិបាលទាំងសារធារណៈ និងឯកជន រួមទាំងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
លោកស្រីបន្តថា កិច្ចខិតខំនាពេលកន្លងមក បានធ្វើឱ្យមានការធ្លាក់ចុះនូវអត្រាមរណៈរបស់ទារក និងកុមារគួរឱ្យកត់សម្គាល់។ ដូចនេះ ការចូលរួមគាំទ្ររបស់មូលនិធិគន្ធបុប្ផាស្វីស ក៏ដូចជា រដ្ឋាភិបាលនិងពលរដ្ឋនៃសហព័ន្ធស្វីស គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់ដល់សុខុមាលភាពកុមារ និងស្រ្តីនៅកម្ពុជា ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកាតាលីករមួយជួយជំរុញឱ្យកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ពាក់ព័ន្ធនឹងមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា លោកស្រីបានសង្កត់ធ្ងន់ថា នេះជាឆ្នាំទី៦ របស់ មូលនិធិគន្ធបុប្ផាកម្ពុជា បន្ទាប់ពីបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មក។ ក្នុងរយៈពេល ៩ខែ គឺចាប់ពីមករាដល់កញ្ញាឆ្នាំ២០២៣ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ១២,៧៦ លានដុល្លារអាមេរិក។ បន្ថែមពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើសកម្មភាពយ៉ាងមមាញឹកដើម្បីអំពាវនាវ កៀរគរការបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈការជំរុញសកម្មភាពរបស់គណៈកម្មការទ្រទ្រង់នានា នៅតាមបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជន, បង្កើនសកម្មភាពលើប្រព័ន្ធផ្សព្វផ្សាយនានា, និងរៀបចំជាយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំ ជាដើម។
លោកបណ្ឌិត Philip Robinson បានទទួលស្គាល់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ដើម្បីរក្សាចីរភាពនៃកិច្ចដំណើរការបស់រមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ទីតាំង។
លោកណ្ឌិត លើកឡើងផងដែរថា ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ មូលនិធិបានចាប់ផ្តើមគិតគូរអំពីការតម្រង់ទិស និងរៀបចំអ្នកបន្តវេន ខណៈបច្ចុប្បន្ននេះ រូបលោកផ្ទាល់បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិគន្ធបុប្ផាស្វីសជំនាន់ទី៣ ដែលមានតួនាទីក្នុងការស្វែងរក សប្បុរសជនជួយគាំទ្រ មូលនិធិឱ្យមានរយៈពេលយូរអង្វែងជាបន្តទៀត។
លោកបានប្តេជ្ញាចិត្តក្នុងការរក្សាកិច្ចសហការជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា បន្តទៀតដើម្បីចីរភាពមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងតែមានបេសកកម្មពិនិត្យព្យាបាល និងសង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។
លោកស្រី ប៉ែន សុបភា បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់រដ្ឋាភិបាលស្វីស ក៏ដូចជាមូលនិធិគន្ធបុប្ផាស្វីស ដែលតែងតែជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល ៣១ឆ្នាំកន្លងមក ក៏ដូចជាទៅអនាគតបន្តទៀត។
លោកស្រីបានជូនពរមូលនិធិគន្ធបុប្ផាស្វីស ទទួលបាននូវការគាំទ្រកាន់តែច្រើន ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន សំដៅធានាចីរភាពនៃចំណូល សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីចូលរួមក្នុងការលើកកម្ពស់សុខុភាពមាតា ទារក និងកុមារនៅកម្ពុជា ដែលជាអាទិភាពចម្បងមួយក្នុងក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕