(ស្វីស)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Tamar Gabelnick នាយកយុទ្ធនាការលុបបំបាត់គ្រាប់មីនអន្តរជាតិ (ICBL)។

ក្នុងឱកាសកិច្ចប្រជុំនេះ លោកស្រី Tamar Gabelnick បានពន្យល់ពីការងាររបស់ ICBL នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋភាគី ដើម្បីតាមដានពីវឌ្ឍនភាពក្នុងការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានបំណង ចង់ឃើញវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញារបស់រដ្ឋភាគី។ ជាមួយគ្នានេះ ICBL មានបំណងចង់ស្វែងយល់អំពីគោលដៅរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីន ២០២៥ ដោយផ្តោតសំខាន់លើផែនការ និងបញ្ហាប្រឈម។

ជាការឆ្លើយតប បណ្ឌិតទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ ICBL អំពីការប៉ានស្មានផែនការបោសសម្អាតមីនរបស់កម្ពុជា ផ្អែកលើលទ្ធផលបោសសម្អាតនាឆ្នាំកន្លងមក​ និងលើកឡើងពីបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ ក្នុងនោះរួមមានបញ្ហាគាំទ្រហិរញ្ញវត្ថុ និងបញ្ហាបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ ដែលកម្ពុជានឹងបន្តកិច្ចសហការជាមួយភាគីថៃ។

លោកបណ្ឌិតទេសរដ្ឋមន្រ្តី បានលើកឡើងថាបើបញ្ហាប្រឈមទាំង២នេះ ត្រូវបានដោះស្រាយ កម្ពុជាពិតជាអាចសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកាតាព្វកិច្ចអនុសញ្ញាអូតាវ៉ា៕