(កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ម៉ៅ ធិនិន អភិបាលខេត្ត បានដឹកនាំ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋចូលរួមជាង៣០០នាក់ ក្នុងសំណុំរឿងវវិវាទចំនួន១២ករណី នៅខេត្តកំពត។ ដំណោះស្រាយវិវាទខាងលើ បានប្រព្រឹត្តធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត។

ថ្លែងក្នុងវេទិការដោះស្រាយវិវាទ លោក ម៉ៅ ធិនិន បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះគឺបានដោយសារតែសម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បីយកមកជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយលំបាក។

ម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានរៀបចំ និងបង្កើតឱ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងដើម្បី ជាយន្តការបំពេញបន្ថែម ឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ សំដៅជួយកាត់ បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិផងដែរ។

លោកអភិបាលខេត្ត បន្តថា ចំពោះប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមយន្តការ ឈ្នះ ឈ្នេះ នាំឱ្យប្រជាពលរដ្ឋទទួលបាននូវភាពពិតប្រាកដ មានសុក្រិតយុត្តិធម៌ ព្រមទាំងទទួលយកបានទាំងសងខាងរវាងគូរទំនាស់។

ពលរដ្ឋដែលបានមកទទួលការដោះស្រាយទំនាស់ផ្សេងៗក្រៅប្រព័ន្ឋតុលាការនេះ ពួកគាត់មានចិត្តសប្បាយរីករាយ និងមិនមានការចំណាយថវិកា ពេលវេលា ដើម្បីទៅដោះស្រាយដូចទៅតុលាការនោះឡើយ។

លោកអភិបាលខេត្ត រំលឹកថា យន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ដោះស្រាយឱ្យបានច្រើន ដើម្បីជួយសម្រួលដល់គូរវិវាទ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយពុំចាំបាច់ឡើងទៅដល់តុលាការ។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ហើយត្រូវបានអនុម័តទាំងស្រុងកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ក្នុងសំណុំរឿងទាំង១២ករណី ដែលលើកយកមកដោះស្រាយនាថ្ងៃនេះ ភាគច្រើនជាវិវាទដីធ្លី រវាងម្តាយនិងកូន រវាងបងប្អូនបង្កើត និងករណីជំពាក់ប្រាក់។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ សំណុំរឿងវិវាទដីធ្លី រវាងម្តាយនឹងកូន បងប្អូនបង្កើត ត្រូវបានសម្របសម្រួលបញ្ចប់សះជាគ្នា ដោយភាគីទាំងសងខាងទទួលយកតាមយន្តការដោះស្រាយរបស់លោកអភិបាលខេត្ត។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពត បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបន្តចុះដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការនេះ នៅតាមមូលដ្ឋានឱ្យបានគ្រប់ក្រុង-ស្រុកទាំងអស់នៃខេត្តកំពតបន្តទៀតតាមយន្តការរបស់ រាជរដ្ឋាភិបាល។

ក្នុងវេទិការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់លោកតា លោកយាយ ដែលមានវ័យចាស់ជរា និងផ្តល់ជាអង្ករដល់ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងវេទិការនេះផងដែរ៕