(ពោធិ៍សាត់)៖ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងយុទ្ធនាការ «ផ្តល់ឈាមសង្គ្រោះជីវិតខ្ញុំ» ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរសុខាភិបាលខេត្ត រោងចក្រដំឡើងរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ ខេមបូឌា និងឧបត្ថម្ភដោយ CP Fresh Mart ពោធិ៍សាត់ នៅបរិវេណក្រុមហ៊ុន ដែលមានទីតាំង ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ពោធិ៍សាត់។

លោក វីរ៉ូត សាវ៉ាឆាង ប្រធានគ្រប់គ្រងទូទៅ រោងចក្រដំឡើងរថយន្ត Ford បានថ្លែងថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ ខេមបូឌា បានរៀបចំព្រឹត្តិការណ៍បរិច្ចាកឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលថ្ងៃនេះ មានការចូលរួមដោយស្ម័គ្រចិត្ត ពីវិស័យឯកជន និងរដ្ឋ ចំនួន៨ស្ថាប័ន សរុប២៣៨នាក់។ ការបរិច្ចាកឈាមនេះ គឺជាទង្វើរដ៏សប្បុរសធម៌ ជាកាយវិការសាមញ្ញ ក្នុងការចូលរួមជាមួយសង្គម និងជាដំណើរការដ៏សំខាន់មួយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។ លោកក៏សូមស្នើដល់អ្នកចូលរួមទាំងអស់ មេត្តាបរិច្ចាកឈាមឱ្យបានម្តងក្នុងមួយឆ្នាំ សម្រាប់អ្នកដែលមានសុខភាពល្អ ចាប់ពីអាយុ១៧ឆ្នាំឡើងទៅ និងសូមលើកទឹកចិត្តឱ្យជួយផ្សព្វផ្សាយបន្ត បានកាន់តែទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ ឱ្យពួកកាត់បានចូលរួមការបរិច្ចាកឈាមបានកាន់តែច្រើន។

លោកស្រី វេជ្ជ. ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា យុទ្ធនាការ «ផ្តល់ឈាមសង្គ្រោះជីវិតខ្ញុំ» គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា នឹងមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ ដើម្បីបុព្វហេតុមនុស្សធម៌ សូមអំពាវនាវឱ្យមានការគាំទ្រគ្រប់រូបភាព ក្នុងយុទ្ធនាការផ្សេងៗនាពេលខាងមុខ។ លោកស្រី វេជ្ជ. បន្ថែមថា ស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២២កន្លងមក មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាម ១ប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្តង។

សម្រាប់រាជធានីភ្នំពេញ ត្រូវការប្រចាំថ្ងៃ សរុបជាង៣០០ប្លោក និងទូទាំងប្រទេស ប្រមាណ១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗ ជិត២០%។ លោកស្រី វេជ្ជ. បានជម្រាបជូនថា កិច្ចការបរិច្ចាកឈាមមិនប៉ះពាល់ដល់សុខភាពទេ ដែលអាចកាត់បន្ថមហានិភ័យជំងឺមហារីក, កាត់បន្ថយកំហាប់ឈាម លើសជាតិដែក ដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែង, ធ្វើឱ្យប្រសើរឡើងសុខភាពបេះដូង បន្ថយការឡើងទម្ងន់ និងជំងឺដាច់សរសៃឈាមខួរក្បាល។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រោមកិច្ចសហការពីក្រុមហ៊ុន សហគ្រាស និងស្ថាប័នទាំង៨ បានរៀបចំយុទ្ធនាការបរិច្ចាកឈាម ក្រោមប្រធានបទ «ផ្តល់ឈាមសង្គ្រោះជីវិតខ្ញុំ» មានគោលបំណងគៀងគរការស្ម័គ្រចិត្ត ពីកម្មករ និយោជិត បរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិត អ្នកដែលមានតម្រូវការឈាមជាបន្ទាន់ និងលើកកម្ពស់ការយល់ដឹង ពីសារសំខាន់នៃការបរិច្ចាកឈាម។ ដូច្នេះការផ្តល់ឈាមដោយស្ម័គ្រចិត្ត ប្រៀបដូចជាសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមរូបកាយរបស់មនុស្ស និងកំពុងចូលរួមការងារមនុស្សធម៌ជាច្រើន។ ជាមួយគ្នានោះ កិច្ចការនេះ គឺជាចលនាដែលជួយសង្គ្រោះអាយុជីវិតប្រជាជន និងកុមារ ដែលកំពុងតម្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត។

លោកស្រី បានលើកឡើងថា តាមពុទ្ធចក្រ ការបរិច្ចាកឈាម គឺជាការធ្វើទាន ដែលបានបុណ្យកុសលច្រើន បើទោះបីជាគ្មានលុយសម្រាប់ធ្វើទានក៏ដោយ ព្រោះឈាមដែលបានពីការធ្វើទានទាំងនោះ បានជួយជីវិតអ្នកដទៃបានច្រើន។ លោកស្រី ប៉ុក ណាឌី សូមសម្តែងនូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងដៃគូសហការទាំង ដែលបានសហការផ្តល់ការគាំទ្រ ទាំងថវិកា និងបច្ចេកទេស ក្នុងព្រឹត្តិការណ៍នាថ្ងៃនេះផងដែរ។

សូមបញ្ចាក់ថា វិស័យឯកជន និងរដ្ឋ ដែលស្ម័គ្រចិត្តបរិច្ចាកឈាមនាថ្ងៃនេះ មានចំនួន៨ស្ថាប័ន សរុប២៣៨នាក់ រួមមាន៖ ក្រុមហ៊ុន RMA, ក្រុមហ៊ុន EMAX Electric, ក្រុមហ៊ុន Precise Electric, ធនាគារស្ថាបនា, បេឡាជាតិសន្តិសុខសង្គម សាខាខេត្ត (បសស), វិទ្យាស្ថានពហុបច្ចេកទេសខេត្ត (PIPP), អធិការដ្ឋាននគរបាលស្រុកក្រគរ, នាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាបន្ទាយក្រង៕