(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការសមាសភាពថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការដែលទើបទទួលការតែងតាំងថ្មី ដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យ ក្នុងនិតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិធីប្រកាសថ្នាក់ដឹកនាំថ្មី របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកមិញនេះ គឺធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីជាច្រើននាក់។ កិច្ចប្រជុំនេះធ្វើឡើងដើម្បី ប្រកាសថ្នាក់ដឹកនាំអាជ្ញាធរ និងបែងចែកភារកិច្ចដែលត្រូវប្រគល់ជូនថ្នាក់ដឹកតាមគោលនយោបាយផង តាមក្រសួងស្ថាប័ន និងតាមរាជធានី ខេត្តផង។

ថ្លែងបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានអបអរសាទរ និងស្វាគមន៍ចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការដែលទើបទទួលការតាំងតាំងដោយព្រះមហាក្សត្រ និងអនុក្រឹត្យ។ លោកទេសរដ្ឋមន្រ្តីបានថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជោគជ័យដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល។

ជាកិច្ចបន្តមក លោកទេសរដ្ឋមន្រ្តីបានអនុញ្ញាតជូនលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អានព្រះរាជក្រឹត្យស្តីពីការតែងតាំងមុខតំណែង និងផ្តល់ឋានៈជាប្រធាន អនុប្រធាន សមាជិក អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអនុក្រឹត្យស្តីពីការតែងតាំង និងផ្តល់ឋានៈ ជាជំនួយការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មក ដោយបានទទួលការអនុញ្ញាតពីលោកទេសរដ្ឋមន្រ្តី លោកបណ្ឌិត ស៊ន ពិសិដ្ឋ អនុប្រធាន និងជានាយកខុទ្ទកាល័យ បានអានសេចក្តីសម្រេចស្តីពីរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ថ្លែងសំណេះសំណាល និងដឹកនាំ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានណែនាំដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការដែលទើបទទួលការតែងតាំងថ្មីឱ្យខិតខំអស់ពីសមត្ថភាពបំពេញ ការងារ ដោយប្រកាន់ខ្ជាប់នូវសាមគ្គីភាព ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន។ លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នៅក្នុងនីតិកាលទី៧នេះ ការប្រគល់ភារកិច្ច គឺធ្វើឡើងតាមគោលនយោបាយ។ ក្នុងនោះ ការពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវធ្វើឡើងតាមយន្តការដែលមានក្នុងច្បាប់ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស និងសន្និបាត។

លោកបានបន្តថា យើងត្រូវគិតគូរពន្លឿនការងារទីក្រុង ពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ចំពោះកិច្ចប្រជុំរួមរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ (GDJ) ត្រូវរៀបចំប្រជុំ៣ខែម្តង ដោយអញ្ជើញប្រទេសដែលជាសមាជិកចូលថវិកាច្រើនដល់មូលនិធិសកល មកចូលួម។ កិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ត្រូវរៀបចំឡើងដើម្បីតម្រង់ទិសក្រុមប្រឹក្សាបច្ចេកទេស។ ក្នុងន័យនេះ ទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ ជាមួយអគ្គលេខាធិការដ្ឋានសំខាន់ណាស់ ដែលត្រូវធ្វើការងារឱ្យស៊ីសង្វាក់គ្នា។ នៅពេលក្រុមប្រឹក្សាបច្ចេកទេសប្រជុំរួចហើយ យើងត្រូវរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីស្តាប់លទ្ធផល។

ចំពោះគោលនយោបាយលុបបំបាត់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ លោកទេសរដ្ឋមន្រ្តីបានណែនាំ និងបញ្ជាក់ជូនអនុប្រធានដែលទទួលការងារ តាមការបែងចែករួមមាន៖

១) គោលនយោបាយទី១៖ ពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
២) គោលនយោបាយទី២៖ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការឱ្យបានលើសពី៩៥%
៣) គោលនយោបាយទី៣៖ ពង្រីក ពង្រឹង និងពន្លឿន កម្មវិធីបង្ការ
៤) គោលនយោបាយទី៤៖ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម
៥) គោលនយោបាយទី៥៖ បញ្ចប់ការរើសអើង និងមាក់ងាយ
៦) គោលនយោបាយទី៦៖ ចលនាធនធាន
៧) គោលនយោបាយទី៧៖ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ។

ជាទីបញ្ចប់ លោកទេសរដ្ឋម្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ត្រូវខិតខំធ្វើការងារទាំងអស់គ្នា។ លោកបានសង្កតធ្ងន់ថា ជោគជ័យរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវមានសសរស្តម្ភ៣ រួមមាន ភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងភាពម្ចាស់ការ។ ភាពជាអ្នកដឹកនាំគឺមាននៅគ្រប់កម្រិត។ ក្នុងនោះ យើងម្នាក់ៗធ្វើការងារតាមការបែងចែក ដោយមិនបាច់មានការណែនាំ និងធ្វើឱ្យអស់ពីបេះដូង។ ជាមួយគ្នានេះ យើងក៏ត្រូវមានកិច្ចសហការ ក្នុងភាពជាដៃគូ និងភាពម្ចាស់ការផងដែរ៕