(ភ្នំពេញ)៖ សមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី (SAAC) ​ត្រូវបានសម្ពោធ​ជាផ្លូវការនាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្តេជ្ញាជំរុញបណ្តាញទំនាក់ទំនង លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍន៍ការងារនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ឱកាសវិនិយោគ និងរក្សាទំនាក់ទំនងដ៏រឹងមាំ​រវាងកម្ពុជានិងប្រទេសសិង្ហបុរីឱ្យកាន់តែប្រសើរឡើង។

​លោកស្រី លីម អាលីស្សា ប្រធានសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី ដែលបានបន្តតំណែងតពី លោក រ័ត្ន សោភ័ណ ​បានប្តេជ្ញាចិត្ត​ រួមជាមួយនឹងគណៈកម្មាធិការរបស់សមាគម នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងឲ្យសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរីមានការរីកចម្រើនទៅថ្ងៃមុខទៀត។

លោកស្រី លីម អាលីស្សា បានលើកឡើងថា៖ «ការសម្ពោធសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរីជាផ្លូវការនេះ ជាសញ្ញាមួយបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ និងជិតស្និតរវាងប្រទេសទាំងពីរ។ វាប្រៀបដូចជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដែលបង្កើតឲ្យមានការយល់គ្នាទៅវិញទៅមក ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអតីតនិស្សិតដែលបានទៅសិក្សានៅប្រទេសសិង្ហបុរី។ មិនត្រឹមតែប៉ុណ្ណោះ ការផ្តួចផ្តើមនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះឡើយ ក៏ប៉ុន្តែវាក៏បានសបញ្ជាក់ឲ្យឃើញពីសារសំខាន់នៃការអប់រំ ដែលជាកាតាលីករជំរុញភាពរីកចម្រើន និងការលូតលាស់។»

​បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលមានវត្តមានក្នុងពិធីនេះ ​បានបង្ហាញមោទភាព ចំពោះ​សិស្ស-និស្សិតទាំងអស់គ្នា ដែលបានបញ្ចប់ការសិក្សានៅប្រទេសសិង្ហបុរី ​និងបានយកចំណេះដឹងទាំងនោះមកបម្រើជាតិ ដែលមានអ្នកខ្លះជាមន្រ្តីរដ្ឋាភិបាល ​អ្នកខ្លះបម្រើការងារក្នុងវិស័យឯកជនជាដើម។

លោកមានប្រសាសន៍ថា«អ្វីដែលសំខាន់អ្នកទាំងអស់គ្នានឹងមករួមចំណែកចែករំលែកចំណេះដឹងក្នុងសង្គម។»

ក្នុងកម្មវិធីនេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រចំនួនពីររវាង SAAC និង សភាពាណិជ្ជកម្មសិង្ហបុរី និង SAAC និង អតីតនិស្សិតអាហារូបករណ៍ Chevening ពីចក្រភពអង់គ្លេសផងដែរ។

សមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី (SAAC) គឺជាសហគមន៍ដ៏សកម្ម និងមានបរិយាប័ន្នប្រមូលផ្តុំអតីតនិស្សិតដែលបានសិក្សានៅប្រទេសសិង្ហបុរី។ SAAC ប្តេជ្ញាជំរុញបណ្តាញទំនាក់ទំនង លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍន៍ការងារ ការចូលរួមក្នុងការផ្សព្វផ្សាយសមាគម ការសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ឱកាសវិនិយោគ និងរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយប្រទេសសិង្ហបុរី។ តាមរយៈគំនិតផ្តួចផ្តើម និងកម្មវិធីផ្សេងៗ SAAC មានគោលបំណងផ្តល់នូវបណ្តាញទំនាក់ទំនង និងលើកកម្ពស់ការចូលរួមរបស់អតីតនិស្សិត ដែលផ្តល់ជាផលវិជ្ជមានមកសង្គមកម្ពុជា និងអតីតនិស្សិតផ្ទាល់​៕