(កណ្ដាល)៖ ពិធីអុំទូក «ង» នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលអុំរយ:ពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២២-២៣ ខែវិច្ឆិកានេះ បានបិទបញ្ចប់ហើយ។ ភ្ញៀវមកលេងកម្សាន្តមានចំនួនជាង៣ម៉ឺននាក់​ ជាមួយនឹងទឹកមុខសប្បាយរីករាយ និងអបអរសាទរជាអនេកកប្បកា។

អុំទូក «ង» នៅស្រុកល្វាឯម ទាំងអ្នកជ័យលាភីលេខ១ លេខ២ លេខ៣ និងគ្រប់ទូកទាំងអស់សុទ្ធតែទទួលបានប្រាក់រង្វាន់ និងអំណោយពីឧបនាយរដ្ឋមន្ត្រីអូនព័ន្ធ មុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងចូលរួមជួយផងដែរពីលោក គង់ វិបុល អនុប្រធានក្រុមការងារថ្នាក់ជាតិទី២ ចុះជួយខេត្តកណ្ដាល ទទួលបន្ទុកស្រុកល្វាឯម។

លោកបណ្ឌិត កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា ចំណុះទូកចូលរួមចំនួន៥២ទូក មានទូកខ្នាតខ្លីខ្នាតវែង បានប្រណាំងគ្នាដើម្បីដកស្រង់បច្ចេកទេសត្រៀមលក្ខណ:ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅភ្នំពេញនាពេលឆាប់ៗខាងមុខនេះ។ គុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាព ដែលអនុញ្ញាត្តដល់រដ្ឋបាលស្រុកល្វាឯម មានឱកាសក្នុងការរៀបចំពិធីអុំទូកនេះឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ មើលឃើញថា មានការចូលរួមយ៉ាងច្រើន ខណ:ដែលស្រុកបានរៀបចំទទួលភ្ញៀវទេសចរណ៍មកលេងកម្សាន្តយ៉ាងសម្បូរបែប និងទទួលបានភ្ញៀវមកលេងជាង៣ម៉ឺននាក់ រីឯអ្នកទស្សនាតាមរយ: Page Facebook ផ្លូវការរបស់រដ្ឋបាលស្រុកល្វាឯម មានជាង១១ម៉ឺននាក់ឯណោះ។

លោកអភិបាលស្រុកបន្តថា «យើងបានរៀបចំឲ្យមានស្តង់ពិពរណ៌ តូបលក់ចំណីអាហារ ភេសជ្ជ: វត្ថុអនុស្សាវរីយ៍យ៉ាងច្រើន និងមានតន្ត្រីកម្សាន្តជាមួយនឹងតារាចម្រៀងផងដែរ។ រឹតតែស្អាតនោះគឺពេលយប់មានភ្លើងចម្រុះពណ៌ ខណ:ដែលការរៀបចំនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនណាស់ ហើយសណ្ដាប់ធ្នាប់ កងកម្លាំងជាង២៥០នាក់ ត្រូវបានដាក់ពង្រាយគ្រប់ទីកន្លែងដើម្បីរក្សាការពារសុវត្ថិភាពដល់បងប្អូនមកលេងកម្សាន្ត និងទីតាំងសុខាភិបាលផងដែរ ដើម្បីសង្រ្គោះពលរដ្ឋដែលមានតម្រូវការផ្នែកសុខភាពបន្ទាន់»។

អភិបាលស្រុកថ្លែងបន្តថា កម្មវិធីដ៏ពិសេសនេះអាចប្រព្រឹត្តទៅបានរលូនល្អ គឺទទួលបានការឧបត្ថម្ភពីសំណាក់ឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន ដែលលោកតែងតែជួយឧបត្ថម្ភមិនដែលខានឡើយ មកចំពោះរាល់កម្មវិធីអ្វីមួយ នៅមូលដ្ឋានរបស់លោក ក្នុងនោះក៏មានស្រុកល្វាឯមផងដែរ។ លោកសូមអរគុណលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលផងដែរ ដែលអនុញ្ញាត និងជួយជ្រោមជ្រែងរាល់កម្មវិធីផងដែរ។

លោកអភិបាលស្រុកថ្លែងថា ការប្រណាំងទូកឆ្នាំនេះហាក់មានភាពសប្បាយរីករាយ និងមានការចូលរួមច្រើនជាងឆ្នាំកន្លងទៅ ពោលគឺរដ្ឋបាលស្រុក បានរៀបចំការប្រណាំងត្រូវកាល ត្រូវវេលា ពោលគឺចំខែកក្ដិក មានខ្យល់ធ្លាក់ត្រជាក់រងា ហើយពលរដ្ឋមកលេងម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ និងពោរពេញទៅដោយភាពសប្បាយរីករាយ។

លោក គង់ វិបុល បានថ្លែងកោតសរសើររដ្ឋបាលស្រុកល្វាឯមដែលរៀបចំកម្មវិធីបានល្អ ពិសេសមើលឃើញពីភាពសប្បាយរីករាយឥតឧបមារបស់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងក្រុមកីឡាករចំណុះទូកស្រែកហ៊ោរកញ្ច្រៀវ បន្លឺសម្លេងកងរំពងបង្ហាញពីការពេញចិត្ត និងអបអរសាទរក្រោមម្លប់សន្តិភាពនៃយើង។

លោក គង់ វិបុល ប្រកាសផ្ដល់រង្វាន់របស់ឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន និងលោកជួយផងដែរចំនួន១ម៉ឺនដុល្លារ ចំពោះទូកស្រុកល្វាឯម១ណា ដែលយកជ័យលាភីលេខ១ ក្នុងប្រណាំងទូកនៅរាជធានីភ្នំពេញឆាប់ៗនេះ , ផ្ដល់៥ពាន់ដុល្លារដល់អ្នកយកបានលេខ២ និងផ្ដល់៣ពាន់ដុល្លារ ដល់អ្នកយកបានលេខ៣។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្ត បានសំដែងការសប្បាយរីករាយចំពោះកម្មវិធីដ៏កក្រើកនេះ និងកោតសរសើរចំពោះលោកបណ្ឌិតអភិបាលស្រុក ដែលលោកលះបងកម្លាំងកាយ-ចិត្ត ធនធាន រៀបចំកម្មវិធីក៏ឱឡារឹកជ្រកក្រោមម្លប់សន្តិភាពដ៏កក់ក្ដៅយើងនេះ៕