(ភ្នំពេញ)៖ វគ្គជំនាញគ្រប់គ្រងចម្ការមីន ថ្នាក់អាស៊ាន និងតំបន់លើកទី៦ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមការជួយឧបត្ថម្ភគាំទ្រពីសាធារដ្ឋបារាំង និងកិច្ចសហការពីប្រទេសអូស្រ្តាលី ដែលធ្វើឡើងរយៈពេល៣សប្តាហ៍ និងមានសិក្ខាកាមមកពី១១ប្រទេស បានបិទបញ្ចប់ដោយជោគជ័យ។

ពិធីបិទវគ្គនេះបានធ្វើឡើងក្រោយមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ជេក ប៉េឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរបាយការណ៍ស្វាគមន៍របស់ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានអនុគណៈកម្មាការសម្របសម្រួលកិច្ចការហ្វឹកហ្វឺនជំនាញគ្រប់គ្រង ចម្ការមីនថ្នាក់តំបន់-អាស៊ាន សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានលើកឡើងថា វគ្គហ្វឹកហ្វឺនដែលឈានដល់ការបញ្ចប់នាពេលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ ក្នុងនោះមាននារីចំនួន០២នាក់ មកពី ១១ប្រទេស ដូចជា៖ បង់ក្លាដេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េ នេប៉ាល់ ម៉ុងហ្គោលី ស្រីលង្ការ ថៃ ឡាវ វៀតណាម និងកម្ពុជា មានរយៈពេលជាង ៣សប្តាហ៍ បានផ្តល់នូវចំណេះដឹងថ្មីៗ ជំនាញរឹង ជំនាញទន់ ភាពធន់ យន្តការម្ចាស់ការឧត្តមានុវត្តន៍ និងបំពេញបន្ថែមចំណុចខ្វះខាត បង្កើនសមត្ថភាពដល់នាយទាហាន យល់ដឹងអំពីនីតិវិធីនៃការគ្រប់គ្រងចំការមីនប្រកបដោយបរិយាប័ន្ទ។

លោកអនុសេនីយ៍ឯក De LAPASSE Henri ប្រធានយោធារចារ្យបារាំង បានមានលើកឡើងនូវរបាយការណ៍លទ្ធផលហ្វឹកហ្វឺន ក្នុងរយៈពេល៣សប្តាហ៍គឺពោរពេញដោយមេរៀន ទាំងសម្រាប់ពួកយើងជាគ្រូ និងសម្រាប់ សិក្ខាកាមផងដែរ «យើងបានវគ្គហ្វឹកហ្វឺនផ្តោតលើមេរៀនមួយចំនួនដែលមានលក្ខណៈទូទៅ ដែលអាចពួកយើងយល់ដឹង លើជំនាញបន្ថែមនូវពេលក្រោយ សិក្សាអំពីការរុករក ឆែកឆេរ សិក្សាពីអាវុធជាច្រើនប្រភេទ រាប់ចាប់ពីគ្រាប់មីន គ្រាប់បែកទម្លាក់ពីយន្តហោះ កាំភ្លើងត្បាល់ គ្រាប់កាំភ្លើងធំជាដើម ព្រមទាំងបានចុះការដ្ឋានបោសសំអាតមីន និងកំទេចគ្រឿងផ្ទុះផងដែរ»

លោក ជេក ប៉េឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា និងបារាំងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត និងគំាទ្រលើវិស័យបោសសំអាតមីន។ វគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រង ចម្ការមីនថ្នាក់អាស៊ាន និងតំបន់នេះ ពិតជាជោគជ័យដ៏ធំធេង ដែលបានបណ្តុះបណ្តាលសិក្ខាកាមមកពីប្រទេសផ្សេងៗគ្នា។ សិក្ខាកាមដែលចូលរួមក្នុងវគ្គសិក្សានេះ គឺសុទ្ធសឹងតែមកពីប្រទេសដែលមានកងកម្លាំងមួកខៀវ នៅក្នុងបេសកកម្ម អ.ស.ប. ពួកគាត់គឺជាអ្នកក្លាហានបំផុត ដែលហ៊ានប្រថុនជីវិតរបស់ខ្លួន ក្នុងបុព្វហេតុបម្រើដល់អ្នកដទៃ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងនូវការសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងការថ្លែងអំណរគុណពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះយោធាចារ្យនៃសាធារណរដ្ឋបារាំង អូស្ត្រាលី និងកម្ពុជា ព្រមទាំងសិក្ខាកាមជាតិ-អន្តរជាតិផងដែរ ក្នុងការចែករំលែកបទពិសោធន៍ ដើម្បីធានាបាននូវធាតុចូលសំខាន់ៗបន្ថែមទៀតជាពិសេស កម្ពុជាទទួលបាននូវកិត្តិយសធ្វើជាម្ចាស់ផ្ទះជារៀងរាល់ឆ្នាំ ជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងកម្ពុជាលើជំនាញបោសសំអាតមីន។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ក្រោមការដឹកនាំប្រកបដោយជាញជ័យរបស់សម្តេចតេជោ ហ៊ុន សែន អស់រយៈពេលជាង១៧ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងកម្លាំង ទៅបំពេញបេសកកម្មលក្ខណៈមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាង៩០០០នាក់ ទៅកាន់តំបន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណដល់បណ្តាថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃប្រទេសជាមិត្តនានា ដែលបានបញ្ជូនសិក្ខាកាមមករៀនសូត្រដកស្រង់បទពិសោធន៍ និងបានផ្តល់យោធាចារ្យដែល មានជំនាញវិជ្ជាជីវៈ ដល់វគ្គហ្វឹកហ្វឺននេះផងដែរ។ ទោះបីវគ្គហ្វឹកហ្វឺនមានរយៈពេលខ្លី ហើយបានបញ្ចប់ក៏ពិតមែន តែបានបង្កើតអនុស្សាវរីយ៍ល្អៗ ស្នាមញញឹម ទៅកាន់មាតុប្រទេសរៀងៗ ខ្លួនដែលនាំទៅជាមួយ ចំណេះដឹង ចំណេះធ្វើប្រកបដោយគុណវឌ្ឍ ពិសេសការស្នាក់នៅរួមគ្នា និងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក។ 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃបណ្តាប្រទេសសហគមន៍អាស៊ាន និងតំបន់ នឹងបន្តការគាំទ្រ និងចាត់បញ្ជូនសិក្ខាកាមចូលរួមវគ្គហ្វឹកហ្វឺន នាបណ្តាឆ្នាំខាងមុខទៀត។ ទន្ទឹមនឹងនេះ ក៏សូមស្នើសាធារណរដ្ឋបារាំង ប្រទេសអូស្ត្រាលី និងបណ្តាប្រទេសជាមិត្តជិតឆ្ងាយទាំងអស់មេត្តាផ្តល់ជំនួយគាំទ្រផ្នែកសម្ភារៈ ស្មារតី ថវិកា ដើម្បីទ្រទ្រង់ដល់វគ្គសិក្សាក្រោយៗទៀត៕