(ភ្នំពេញ)៖ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាជាលើកដំបូងលើគម្រោងសាកល្បងស្ដីពីប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ដោយផ្អែកលើការប្រើ Big data នៅកម្ពុជា ដែលមានការចូលរួមពីលោកអគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធផងដែរ និងភាគីកូរ៉េ ដែលដឹកនាំដោយលោកបណ្ឌិត Kim Chang Kyun ជាអ្នកគ្រប់គ្រងគម្រោង និងសហការីចំនួន៩ នាក់ (តំណាង Consortium នៃប្រទេសកូរ៉េ)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាពក្រុមការងារទាំងសងខាង ស្វែងយល់ឱ្យបានស៊ីជម្រៅលើគម្រោង និងផែនការគម្រោងនាពេលអនាគត ក៏ដូចជាលើកឡើងពីកិច្ចការផ្សេងៗ ដែលភាគីទាំងសងខាងត្រូវអនុវត្តដើម្បីធានានិរន្តរភាពនៃគម្រោង។

លោក ឈួន វ៉ន់ បានសំដែងនូវការគាំទ្រនិងពេញចិត្តលើគម្រោងនេះ និងបន្តគោរពស្នើការគាំទ្រពីលោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យសម្រាប់ចូលរួមចំណែកក្នុងការដោះស្រាយ និងកាត់បន្ថយការកក់ស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ។

លទ្ធផល នៃកិច្ចប្រជុំបានសម្រេចលើការត្រួតពិនិត្យកំណត់ហេតុនៃការពិភាក្សា (Record of Discussion) ឡើងវិញ ការពិនិត្យមើល Term of Reference ការរៀបចំអនុសារណៈយោគយល់ (MOU) និងការត្រួតពិនិត្យបញ្ហានានា ដើម្បីឱ្យគម្រោងអនុវត្តបានជោគជ័យ។

ក្រោយការត្រួតពិនិត្យឯកសាររួចរាល់ កិច្ចប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ទៀត ដើម្បីត្រួតពិនិត្យលើឯកសារដែលបានឡើងមកពិភាក្សាថ្ងៃនេះ៕