(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគ​ទី​៥ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ​ហ្វឹក​ហ្វឺនបំប៉នពង្រឹង និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង វរសេនាតូចថ្មើរជើង​លេខ​៥១៤ កងពលតូចថ្មើរជើងលេខ៥១ នៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំ។

សម្រាប់ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៤ នាពេលនេះ​សិក្ខា​កាមសរុបចំនួន១០០នាក់ ហ្វឹកហ្វឺនមានរយៈពេល៩១ថ្ងៃ ដោយគិតចាប់តាំង​ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ជាលទ្ធផល​សម្រេចបាន៖ និទ្ទេសល្អ សរុបចំនួន ៣៥នាក់ ស្មើនឹង៣៥ភាគរយ, និទ្ទេសល្អបង្គួរ ចំនួន ៥០នាក់ ស្មើនឹង៥០ភាគរយ, និទ្ទេសមធ្យម ចំនួន១៥នាក់ ស្មើនឹង១៥ភា​គ​រយ។ បើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅហ្នឹងកន្លែងវរសេនាតូចថ្មើរជើង​លេខ​៥១៤ ចំនួន​១វគ្គ សិក្ខាកាមសរុបចំនួន១០០នាក់ មានរយៈពេល ៩៦ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសរសើរដល់កម្លាំង ដែលបានហ្វឹកហ្វឺន​បញ្ចប់​វគ្គនៅថ្ងៃនេះ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផល​ល្អ​ប្រសើរគួរជាទីមោទនៈ និងសូមផ្ដាំផ្ញើដល់កម្លាំងដែលធ្វើការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះ ត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អដូច​កម្លាំងបិទ​វគ្គ​នាពេលនេះ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តថា សិក្ខាកាមបើកវគ្គថ្មីនេះ ត្រូវ​យកចិត្ត​ទុក​ដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែង​ក្នុងការ​រៀនសូត្រ ដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ខិតខំក្រេប​ជញ្ជក់ចំណេះ​ដឹង​ពីគ្រូ ដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាព​មួយ នៃការកែទម្រង់​ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើន​សមត្ថ​ភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្រប​ច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍លើ​គ្រប់​វិស័យ​នៅកម្ពុជា។

លោកបន្ថែមថា បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់​ ក្នុង​ការពង្រឹងខឿនការពារជាតិ​ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិត​ប្រា​កដ​​ឱ្យ​ដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេន​ជំនាន់​ក្រោយ។ ត្រូវចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឱ្យជនណា ឬក្រុមណាមក​បំផ្លាញ​សុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ច​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមានសន្តិភាព​មកដល់​ពេលនេះ ដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីក​ការ​ងារការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រកាសបិទវគ្គហ្វឹកហ្វឺន និងបើកវគ្គហ្វឹកហ្វឹន​ចាប់​ពីពេលនេះតទៅ បានប្រគល់ថវិការបស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជា​ការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ចំនួន២,០០០,០០០រៀល៕