(ភ្នំពេញ)៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃនេះថា គណបក្សប្រឆាំងគាំទ្រយន្តការថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា លុបចោល រាល់ឯកសារ និងលិខិតស្នាមដែលបញ្ជាក់ពីភាពជា «ពលរដ្ឋខ្មែរ» របស់ជនអន្តោប្រវេសន៍នៅកម្ពុជានាពេលកន្លងទៅ។ ទន្ទឹមនឹងការគាំទ្រនេះ លោក យឹម សុវណ្ណបានស្នើឲ្យក្រុមការងារថ្នាក់មូលដ្ឋាន ត្រូវចុះទៅត្រួតពិនិត្យការ ធ្វើអត្តសញ្ញាណប័ណ្ណដោយផ្ទាល់ដើម្បីកុំឲ្យមន្រ្តី អាជ្ញាធរមួយចំនួន ចេញអត្តសញ្ញាណប័ណ្ណខុសច្បាប់។
អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បានបន្ថែមថា ក្រសួងមហាផ្ទៃ ត្រូវចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតាមមូលដ្ឋាន លើការចេញអត្តសញ្ញាណប័ណ្ណ ជូនដល់អន្តោប្រវេសន៍នៅកម្ពុជា។
លោក យឹម សុវណ្ណ បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះថា «យើងគាំទ្រចំពោះវិធានការ ដែលអាចទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជាបាន។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវសិក្សាពីអត្តសញាណប័ណ្ណបន្ថែមទៀត មានមន្រ្តីដែលចេញអត្តសញ្ញាណប័ណ្ណខុសច្បាប់ រឺអត់ ក្រសួងមហាផ្ទៃ ត្រូវចុះទៅត្រួតពិនិត្យថាតើ ហេតុអ្វីបានជាអត់មានព្រះរាជក្រឹត្យ ហើយមានហេតុផលអ្វីបានជាចេញអត្តសញ្ញាណប័ណ្ណឲ្យជនអន្តោប្រវេសន៍ទាំងអស់ហ្នឹង»។
ការគាំទ្ររបស់គណបក្សប្រឆាំងនាពេលនេះ បានធ្វើឡើងក្រោយពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងលុបចោលរាល់ឯកសារ និងលិខិតស្នាមផ្សេងៗ បញ្ជាក់ពីភាពជា «ពលរដ្ឋខ្មែរ» ដែលត្រូវបានអាជ្ញាធរ ឬសមត្ថកិច្ច ចេញឲ្យជនអន្តោប្រវេសន៍ នៅកម្ពុជានាពេលកន្លងទៅ។ នាយឧត្តមសេនីយ៍ សុខ ផល បញ្ជាក់ថា ជនបរទេសអន្ដោប្រវេសន៍ ដែលបានកាន់កាប់ឯកសាររដ្ឋបាល បញ្ជាក់ពីភាពជាពលរដ្ឋខ្មែរមានជិត ១០ម៉ឺននាក់។
បើតាមនាយឧត្តមសេនីយ៍ សុខ ផល ជនអន្តោប្រវេសន៍ ដែលនឹងត្រូវប្រកាសលុបចោល ឯកសាររដ្ឋបាលនានានេះ នឹងតម្រូវឲ្យពួកគេបំពេញបែបបទ ជាជនអន្តោប្រវេសន៍ឡើងវិញ តែបើពួកគេមិនព្រម បំពេញឯកសារជាជនអន្តោប្រវេសន៍ទេ គឺអាចត្រឡប់ទៅប្រទេសដើម របស់ពួកគេវិញ។ ចំពោះជនបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ និងគ្មានលិខិតស្នាមអ្វីទាំងនោះ គឺនឹងត្រូវអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ គឺចាប់បណ្តេញពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ សុខ ផល។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍បន្តថា អគ្គនាយករដ្ឋានរបស់លោក នឹងនៅតែបន្តអនុវត្តន៍នូវច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងជនបរទេស នៅកម្ពុជា។ លោក សុខ ផល ក៏បានព្រលយឲ្យដឹងផងដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងសហការជាមួយក្រុមហ៊ុនឯកជនបង្កើតប្រព័ន្ធបច្ចេកទំនើប ដើម្បីគ្រប់គ្រងជនបរទេសនៅកម្ពុជា ឲ្យកាន់តែមានភាព ល្អប្រសើរថែមទៀត៕