(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិវៀតណាម ចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ខណៈបក្ខពួកម្នាក់ទៀតជាជនជាតិខ្មែរ បន្ដគេចខ្លួន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលលេខ ៦៦៦១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន៣នាក់ ទី១៖ ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប (NGUYEN VAN HIP), ទី២៖ ឈ្មោះ ង្វៀង វ៉ាងជើង (NGUYEN QUAN THANG) និងទី៣៖ ឈ្មោះ ង៉ូ វីហ្នឹង (NGO QUY PHOUNG) ដែលត្រូវបានសង្ស័យថាប្រព្រឹត្តសកម្មភាព ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីការរាយការណ៍របស់ ក្រុមហ៊ុនដឹកជញ្ជូននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណីខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងបាវិត ខេត្តស្វាយរៀង និងបានដកហូតវត្ថុតាងគ្រឿង ញៀនប្រភេទកេតាមីន មានទម្ងន់៩៩២ក្រាម និងសារធាតុរាវ ចំនួន១០៤កញ្ចប់ មានទម្ងន់ ៦០៥២៨ ក្រាម (សារធាតុមិនច្បាស់) បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៥០០៦ អ.យ.ខ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖

*ទី១៖ ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប (NGUYEN VAN HIP) (ឃាត់ខ្លួន)
*ទី២៖ ឈ្មោះ ង្វៀង វ៉ាងចឹង (NGUYEN QUAN THANG) (ឃាត់ខ្លួន)
*ទី៣៖ ឈ្មោះ ង៉ូ វីហឿង (NGO QUY PHOUNG) (ឃាត់ខ្លួន)
*ទី៤៖ ឈ្មោះ វី និងបក្ខពួក (គេចខ្លួន)។

ពីបទ៖ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងរាជធានី ភ្នំពេញ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕