(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តដល់កីឡាករប្រណាំងទូក «ង» សម្រាប់ចូលរួមប្រកួតរយៈពេល ៣ថ្ងៃ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រី អ៊ួង សុផល្លា ឃ្លាំងហួត និងលោកស្រី កែវ​ ច័ន្ទស៊ុនណារី​ តំណាងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងអនុប្រធានទី១ ចុះជួយខណ្ឌជ្រោយចង្វារ បាននាំយកអំណោយជាស្បៀងអាហារ និងថវិកាឧបត្ថម្ភដល់គណៈកម្មការ និងកីឡាករនៅក្នុងខណ្ឌជ្រោយចង្វារ ដែលមានចំណុះទូកទាំង៩ ចំនួន ៥១៦នាក់ ។

នាឱកាសលោកស្រី អ៊ួង សុផល្លា បាននាំយកអំណោយឧបត្ថម្ភ ដោយក្នុង១ទូកផ្តល់ជូនរួមមាន៖ អង្ករ ១៥០គីឡូក្រាម ត្រីខ ២កេស ភេសជ្ជកម្ម៉ងដូ ចំនួន ២៥កេស។ ដោយឡែកក្នុងនោះឧបត្ថម្ភដល់កីឡាករទាំងចំនួន ៥១៦នាក់ ដោយម្នាក់ៗ ចំនួន២ម៉ឺនរៀល ព្រមទាំងអាវ ចំនួន១០០០អាវផងដែរ។ សរុបថវិកា ៥៧.១២០.០០០រៀល។

ដើម្បីឱ្យគណៈកម្មការទូកចូលរួមប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំនេះ លោកស្រី អ៊ួង សុផល្លា បានលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ចៀសវាងការប្រើគ្រឿងស្រវឹង ថែរក្សាកម្លាំង ដើម្បីខិតខំប្រឹងប្រៀងហ្វឹកហាត់ត្រៀមអំដណ្តើមយកជ័យជំនះ ជូនខណ្ឌជ្រោយចង្វារ​ និងក្រុមគ្រួសារយើង។ បើទោះបីលទ្ធផលចាញ់ ឈ្នះក៏ដោយក៏មិនជាបញ្ហាទេ ព្រោះកីឡាតែងមានចាញ់ មានឈ្នះ ប៉ុន្តែយើងចូលរួមអំទូកនេះ គឺដើម្បីអបអរព្រះរាជពិធីបុណ្យ ញាំងឲ្យព្រះរាជពិធីបុណ្យសប្បាយរីករាយ។

ជាមួយគ្នានេះលោកស្រី អ៊ួង សុផល្លា ក៏បានទទូចដល់កីឡាករ គណៈគ្រប់គ្រងទូក ណែនាំដល់កីឡាករទូកទាំងត្រូវរួមសាមគ្គីគ្នាជាកម្លាំងតែមួយលើកស្ទួយកិត្តិយសជូនជាតិ ពិសេសដណ្តើមយកជ័យជំនះ មកជូនក្រុមយើង និងខណ្ឌជ្រោយចង្វារទាំងមូល។ ពិសេសក្រុមកីឡករទូក ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ចៀសវាងការកើតមាននូវការរាគរូស ធ្វើឲ្យបាក់កម្លាំងខកខានមិនចូលរួមប្រកួត។

លោកស្រីបាននាំនូវការជូនពររបស់លោក ឃ្លាំង ហួត ជូនដល់ក្រុមកីឡាករទាំងអស់ សូមឲ្យទទួលបានជ័យជម្នះ និងកិត្តិយសជូនខណ្ឌជ្រោយចង្វារ និងណែនាំកីឡាករអុំទូកថា មេរៀនដែលកីឡាករអុំទូកត្រូវចងចាំគឺ រក្សាគុណធម៌ សីលធម៌ រក្សាកំលាំង សុខភាពសាមគ្គីភាព។ ឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់ ចាញ់ទូក នៅមនុស្សនោះទេ៕