(ភ្នំពេញ)៖ សហភាសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីការរួមចំណែក ក្នុងការត្រៀមខ្លួនរបស់សិស្ស ដើម្បីប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៦។
សហភាពសហព័ន្ធយុវជនកម្ពុជាឲ្យដឹងថា ខ្លួនបានបញ្ចប់វគ្គបំប៉ន ជូនបេក្ខជនត្រៀមប្រឡងបាក់ឌុប ប្រកបដោយភាពជោគជ័យ ដែលវគ្គនេះរៀបចំឡើង ដើម្បីប្អូនៗត្រៀមប្រឡងបាក់ឌុប អាចមានសមត្ថភាពគ្រប់គ្រាន់ និងទទួលបានជោគជ័យ ក្នុងការប្រឡង ដែលភាពជោគជ័យនោះ គឺជាភាពជោគជ័យ សម្រាប់កម្ពុជាទាំងមូល។
ស.ស.យ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា មន្ទីរអប់រំយុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានីខេត្ត និងដែលបានសហការ រៀបចំវគ្គបំប៉នសម្រាប់ប្អូនៗ រហូតបានជោគជ័យ ជាពិសេសថ្លែងអំណរគុណ ចំពោះលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយចិត្ត បង្រៀនដល់ប្អូន ប្រសិនបើគ្មាន ការចំណែកនោះទេ ក៏វគ្គបំប៉ននេះ មិនអាចលេចជារូបរាងនោះឡើយ។
ស្របពេលជាមួយគ្នានេះដែរ ស.ស.យ.ក បានថ្លែងអំណរគុណ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានផ្ដល់ឱកាស ដល់ការចូលរួមសង្កេតការណ៍ ការប្រឡងបាក់ឌុបឆ្នាំ២០១៦។
ស.ស.យ.ក បានឲ្យដឹងទៀតថា «យើងខ្ញុំមានឆន្ទៈមោះមុត និងរំភើបក្រៃលែង ដែលបានចូលរួមចំណែក ក្នុងកំណែរទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការស្ម័គ្រចិត្ត សង្កេតការណ៍ប្រឡង នូវពាក្យស្លោក «អ្នកចេះគឺជាប់» របស់ក្រសួងអប់រំ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងគុណភាពអប់រំ នៅកម្ពុជាដោយធានា បាននូវភាពស្មើគ្នាចំពោះប្អូនៗ គ្រប់រូបដោយភាពជោគជ័យនេះ គឺចេញពីសមត្ថភាពប្អូនផ្ទាល់»៕