(ប៉ៃលិន)៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី០៥ និងជាសមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ដ្រីនៃកម្ពុជា នាំយកគ្រឿងឧបភោគបរិភោគ និងជួបសំណេះសំណាល់ជាមួយអតីតយុទ្ធជន២៥០នាក់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតក្នុងស្រុកសាលាក្រៅ។ ពិធីនេះដែរ ក៏មានការចូលរួមពីលោក កើត សុធា អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានថ្លែងថា «សកម្មភាពនេះបានស្តែងចេញពីទឹកចិត្ត គិតគូរយ៉ាងជ្រាលជ្រៅនៃយុទ្ធមិត្តរួមអាវុធ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រោះប្រទេសកម្ពុជាយើងបានកើតមុខមាត់ថ្មី និងមានសន្តិភាព ពេញលេញ គឺដោយមានការចូលរួមពីអតីតយោធិន មិនតែប៉ុណ្ណោះយុទ្ធមិត្ត រួមអាវុធ ក៏បានលះបង់ឈាមស្រស់ សាច់ស្រស់ រហូតមកដល់ពេលនេះ យោធិនខ្លះ បានបាត់បង់សមត្ថភាពការងារ ខ្លះទៀតដល់អាយុកាលចូលនិវត្តន៍ និងខ្លះក្លាយជាពិការដោយសារសង្គ្រាម»។
សូមបញ្ជាក់ថា គ្រួសារអតីតយុទ្ធជន២៥០គ្រួសារ ទទួលបាន មី១កេះ ទឹកសុទ្ធ១កេះ សារ៉ុង១ និងថវិកា៧ម៉ឺនរៀល ផងដែរ៕