(ឌីលី)៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមាន វ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ហើយនៅពេលតំណាលគ្នានោះដែរ ប្រទេសនេះបានក្លាយ ជាសមាជិក នៃអង្គការសហប្រជាជាតិ និង សហគមន៍នៃបណ្តាប្រទេសនិយាយភាសាពរទុយហ្គាល់ផងដែរ។ ទម្រាំទទួលបានឯករាជ្យ ទីម័រខាងកើត បានទទួល រងនូវទុក្ខវេទនា ជាពិសេសអំពើហិង្សា និងទុរភិក្សកាលពីអំឡុងឆ្នាំ ១៩៧៤ ដល់ ១៩៩៩ ដែលបានសម្លាប់មនុស្ស រហូតដល់ ១០២,៨០០នាក់ឯណោះ។
ប្រជាជាតិដែលជាអតីតខេត្តទី២៧ របស់ឥណ្ឌូណេស៊ី និងមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៊ីតែមួយនេះ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ ជាជម្រកសម្រាប់ប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) និងមានរដ្ឋធានីឈ្មោះ ឌីលី។ ងាកទៅមើលដានប្រវត្តិសាស្ត្រវិញ ដែនដីដែលស្ថិតនៅក្នុងចំណោមបណ្តាកោះទាំងជាង ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានមនុស្សដំបូងមកតាំងទីលំនៅ កាលពី ៤២,០០០ឆ្នាំមុនម្ល៉េះ។
ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១ ។ ជាការពិតណាស់ដែនដីកោះដ៏ក្មេងខ្ចីនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបំពេញទៅតាមលក្ខខណ្ឌជាច្រើន ដើម្បីក្លាយខ្លួនជាសមាជិកអាស៊ានបាន។ ទីម័រខាងកើត ជាប្រទេស អាស៊ីអាគ្នយ៍ទីពីរ បន្ទាប់ពីហ្វីលីពីនដែលមានប្រជាជនភាគច្រើនអ្នកកាន់សាសនាគ្រិស្ត។
ដោយសារតែជាប្រទេសថ្មីថ្មោង និងមានប្រជាជនតិចផងនោះ រដ្ឋាភិបាលទីម័រខាងកើត បានដើរតួនាទីយ៉ាងសស្រាក់ សស្រាំបំផុតដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ដែលប្រទេសពាក់កណ្តាលដីកោះនេះ បានពឹងតែផ្អែកស្ទើរទាំង ស្រុងទៅលើពាណិជ្ជកម្មប្រេង ហើយប្រាក់ចំណូលបានមកពីការលក់ប្រេង បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ដោយឡែកវិស័យកសិកម្មគឺជាតួនាទីរបស់ប្រជាជន ដែលរហូតដល់ឆ្នាំ ២០១៥ ការធ្វើកសិកម្មបានកើនឡើងយ៉ាង ខ្លាំងដោយប្រជាជនជាង ៨០ភាគបានប្រកបមុខរបរនេះ។
ដំណាំសំខាន់ៗសម្រាប់នាំចេញរបស់ ទីម័រខាងកើតមានដូចជា កាហ្វេ កាកាវ និង cinnamon ដែលបានជាប់លំដាប់ ថ្នាក់ទី ៤០ និង ៥០នៅលើសកលលោកកាលពីឆ្នាំ ២០១២។ ប្រជាជនប្រទេសនេះ ជាង ៨០ភាគរយរស់នៅតំបន់ ទីប្រជុំជន និង ជិត២០ភាគរយប៉ុណ្ណោះដែលរស់នៅជនបទ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ថ្នល់ ទឹកស្អាត និងអគ្គិសនីជាដើម នៅមានកម្រិតសម្រាប់ប្រជាជនប្រើប្រាស់នៅឡើយ។
យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក កាលពីឆ្នាំ២០១៣ ប្រទេសទីម័រខាងកើតស្ថិតនៅជាគោលដៅ សម្រាប់ធ្វើពាណិជ្ជកម្មលំដាប់ទី ១៦៩នៅលើសកលលោក ដែលវាជាលេខរៀងបង្ហាញថា ប្រទេសនេះនៅមានភាព ទន់ខ្សោយស្ទើរគ្រប់វិស័យ ដែលមិនអាចទាក់ទាញការបណ្តាក់ទុនរកស៊ីពីបរទេសនោះឡើយ។ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេសនេះគឺ ២,២៣ពាន់លានដុល្លារអាមេរិក ដែលគិតជាភាគរយវិញ គឺប្រជាជនម្នាក់ៗអាចរកបាន ប្រាក់ចំណូលជាមធ្យម ៥,៤៧៩ដុល្លារក្នុងមួយឆ្នាំ (តួលេខឆ្នាំ២០១៤)។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត បានចេញដំណើរពីប្រទេស កម្ពុជា ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសដ៏ក្មេងខ្ចីខាងលើនេះ រយៈពេលពីរថ្ងៃ៕