(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ទីក្រុងឌីលី ប្រទេសទីម័រខាងកើត ប្រកបដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែសីហា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងឌីលី ប្រទេសទីម័រខាងកើត នៅម៉ោងប្រមាណ១៤៖៤០រសៀល (ម៉ោងនៅទីម័រខាងកើត ដើរលឿនជាងម៉ោងកម្ពុជា២ម៉ោង)។
សម្តេចតេជោ បានបញ្ជាក់ថា នៅម៉ោង ១៥៖២៥នាទីរសៀលនេះ សម្តេចជួបជាមួយលោកនាយករដ្ឋមន្រ្តី Rui Maria de Aruajo នៅវិមានរដ្ឋាភិបាល ដើម្បីប្រជុំពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងមួយចំនួន ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «នៅយប់នេះ ខ្ញុំនិងគណប្រតិភូនឹងចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោកនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រឡេស្តផងដែរ។ ខ្ញុំនឹករឮកមកបងប្អូនជនរួមជាតិទាំអស់គ្នា និងសូមជូនពរបងប្អូនជួបតែសំណាងល្អ»។
ក្នុងអំឡុងទស្សនកិច្ច២ថ្ងៃ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៦នេះ រដ្ឋាភិបាលប្រទេសទាំងពីរ នឹងចុះហត្ថលេខា លើឯកសារចំនួន៣ រួមមាន៖
ទី១.កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច, ទី២.កិច្ចព្រមព្រៀងស្ដីពីការលើកលែង ទិដ្ឋាការសម្រាប់ អ្នកកាន់លិខិតឆ្លង ដែនការទូត និងលិខិតឆ្លងដែនផ្លូវការ, និងទី៣. អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹង កិច្ចសហប្រតិការលើវិស័យការងារផងដែរ។
មន្រ្តីជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោ នាពេលនេះរួមមានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពលព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។
គួរបញ្ជាក់ថា នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី១៩ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ក្រុមគណៈប្រតិភូ បានចាកចេញពីកម្ពុជា ទៅទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសទីម័រខាងកើតហើយ៕