(តាកែវ)៖ សមាគមយុវជននៃស្នាមញញឹមកម្ពុជាបានរៀបចំកម្មវិធីសន្និបាតបូកសរុបវាយតម្លៃការងារលទ្ធផលសមាគមឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤នាព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនាវិទ្យាល័យវត្តចារ ស្រុកព្រៃក្របាស ខេត្តតាកែវ ក្រោមអធិបតីភាពលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមទាំងលោកស្រី ធី ចរិយា សមាជិកក្រុមប្រឹក្សាខេត្តនិងជាទីប្រឹក្សាសមាគម ដោយមានចូលរួមពីថ្នាក់ដឹកនាំសមាគម លោក លោកស្រី សមាជិក សមាជិកាសរុប១១០នាក់។ គោលបំណងសន្និបាតរកឲ្យឃើញធាតុចូលសំខាន់ៗដើម្បីអភិវឌ្ឍសមាគមឲ្យកាន់រីកចម្រើន។

លោកឈិន ញឹមប្រធានសមាគមបានអានរបាយការណ៍សង្ខេបដែលសមាគមសម្រេចបានឆ្នាំ២០២៣ មាន៥៩សកម្មភាព មានវិស័យអប់រំ សុខាភិបាល ធម្មការ និងសាសនា ព្រមទាំងការងារមនុស្សធម៌ផ្សេងៗ និងលើកទិសដៅបន្តការងារឆ្នាំ២០២៤។

ដោយឡែកលោកស្រី ធី ចរិយា មានសេចក្តីរីករាយពីការខិតខំប្រែងរបស់ថ្នាក់ដឹកនាំ និងនាំពាក្យសួរសុខទុក្ខពីឯ.ឧប្រធានក្រុមប្រឹក្សាភិបាល ហើយកោតសរសើរចំពោះការលះបង់របស់ថ្នាក់ដឹកនាំបានធ្វើការយ៉ាងសកម្ម។

ក្នុងនោះដែរលោក ងួន ស្តេចភក្តី សម្តែងការគោរព និងកោតសរសើរលើការងារសមាគមសម្រេចបានល្អ និងចងក្រងឯកសារច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព ពិសេសគាំទ្រលើកទឹកចិត្តយុវជន យុវនារីរក្សាសុខសន្តិភាព និងខិតខំសាងអំពើល្អនៅក្នុងសង្គម ពោរពេញដោយស្នាមញញឹម និងបន្តគាំទ្រសកម្មភាពសមាគមលើការងារសង្គម និងចូលរួមសាងអំពើល្អនៅក្នុងសង្គម
ចែករំលែកស្នាមញញឹមនិងក្តីស្រឡាញ់គ្រប់ទីកន្លែង៕