(បន្ទាយមានជ័យ)៖ អង្គការតំណក់ទឹកក្រុងប៉ោយប៉ែត បានបង្កើតសាលារៀនជួយដល់កុមារបោះបង់ការសិក្សា និងរងគ្រោះដោយសារធាតុញៀន ក្មេងអនាថា អូសរទេះ រើសអេតចាយទទួលបានការសិក្សា ហើយបើកយុទ្ធនាការចុះឈ្មោះចូលរៀននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក ឡុង សានរិទ្ធី នាយកអង្គការតំណក់ទឹកប៉ោយប៉ែត បានឲ្យដឹងថា សាលាបឋមសិក្សាអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយអង្គការតំណក់ទឹកប៉ោយប៉ែត សម្រាប់បណ្តុះបណ្តាលក្មេងដែលបោះបង់ការសិក្សាទៅដើរសំទាន រើសអេតចាយ អូសរទេះ និងនៅក្រៅសាលា ត្រូវអង្គការតំណក់ទឹកប៉ោយប៉ែត បានឲ្យចូលរៀនសូត្រក្លាយជាក្មេងល្អ សិស្សពូកែ និងជាទំពាំងស្នងឫស្សី។

លោក គី សេងហ៊ាង អនុប្រធានការិយាល័យអប់រំ ក្រុងប៉ោយប៉ែត បានកោតសសើរចំពោះអង្គការតំណក់ទឹកប៉ោយប៉ែត ដែលបានបង្កើតសាលាបឋមសិក្សាអភិវឌ្ឍន៍សម្រាប់បណ្តុះបណ្តាលក្មេង ដែលបោះបង់ការសិក្សាឲ្យបានចូលរៀនសូត្រ។ នេះជាការរួមចំណែកលើវិស័យអប់រំ ដើម្បីពង្រឹងគុណការសិក្សានៅតំបន់ជាប់ជាយដែនឲ្យយុទ្ធជនទទួលបានការសិក្សារៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនក្មេងទំនើងបងតូចបងធំ ដើម្បីមកទទួលយកការសិក្សាអនាគតខ្លួនឯង និងគ្រួសារ។

លោក ស៊ូ បាន នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត បានថ្លែងទៀតថា កាលពីមុនឆ្នាំ១៩៩៩ នៅក្រុងប៉ោយប៉ែត មានកុមារដែលងាយរងគ្រោះដែលប្រើប្រាស់គ្រឿងញៀន ក្រីក្រ ដើរសំទាន រើសអេតចាយ អូសរទេះ អនាថា ដើរដេកតាមចិញ្ចើមផ្លូវ និងសំយ៉ាបផ្ទះដែលត្រូវបានបោះបង់ការសិក្សា។

ជាការយកចិត្តទុកដាក់ពីរាជរដ្ឋបាលកម្ពុជា ក្រសួងជំនាញ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត សហការជាមួយអង្កការតំណក់ទឹកប៉ោយប៉ែត បានធ្វើឲ្យកុមារទាំងអស់កែប្រែ និងលុបបំបាត់កុមារ រងគ្រោះសាធាតុញៀន កុមារដើសំទាន រើសអេតចាយ អូសរទេះ និងកុមារបោះបង់ការសិក្សាទទួលបានការសិក្សាមានចំណេះដឹង និងមានការងារធ្វើសម្រាប់ខ្លួនឯង និងជួយដល់គ្រួសារ៕