(ក្រចេះ)៖ គ្រឿងឧបភោគបរិភោប រួមនិងបច្ច័យចំនួន ៣លាន ២សែនរៀល ដែលអំណោយរបស់ព្រះមន្រ្តីសង្ឃនៅទូទាំងស្រុកឆ្លូង ដឹកនាំដោយព្រះសមណញាណកិច្ច បេ សីហា ព្រះធម្មធរអនុគណស្រុក និងជាព្រះចៅអធិការវត្ត ពោធិព្រឹក្ស ហៅវត្តឈើទាលភ្លោះ ឃុំកញ្ជរ បានមកប្រគល់ជូនដល់រដ្ឋបាលស្រុកឆ្លូង ដើម្បីបម្រើក្នុងការងារមនុស្សធម៌ ក្នុងស្រុកឆ្លូង។

ក្នុងឱកាសនោះ លោកស្រី គង់ លឹមហូ អភិបាលស្រុក បានថ្លែងអំណរគុណចំពោះទឹកប្រទ័យតែងតែគិតទុកដាក់ផ្តល់ជូនរដ្ឋបាលស្រុកជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់រដ្ឋបាលស្រុក។ សម្ភារ និងបច្ច័យដែលទទួលបានពីព្រះមន្រ្តីសង្ឃកន្លងមក រដ្ឋបាលស្រុកបានចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋទីទាល់ខ្វះខាតពិតប្រាកដ ហើយសម្ភារដែលបាននឹងកំពុងទទួលបាននាពេលនេះ ស្រុកក៏កំពុងស្វែងរកមុខសញ្ញាដែលនឹងត្រូវទទួលផងដែរ។

លោកស្រីក៏បានអំពាវនាវបន្ថែមដល់សប្បុរសជនទូទាំងស្រុកឆ្លូង សូមចូលរួមគាំទ្រ និងបរិច្ចាកនូវសម្ភារ ថវិកា និងគ្រឿងបរិភាបផ្សេងដល់រដ្ឋបាលស្រុក ចូលរួមចែករំលែកទៅដល់អ្នកមានជីវភាពខ្វះខាត និងទីទាល់ក្រ ដើម្បីឲ្យសហគមន៍មូលដ្ឋានរស់នៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។

ព្រះចៅធិការបេ សីហា និងជាព្រះធម្មធរអនុគណស្រុក បានមានសង្ឃដីកាថា ជារៀងរាល់ឆ្នាំ ព្រះគ្រូតែងតែបិណ្ឌបាត្រកៀរគរព្រះមន្រ្តីសង្ឃ និងប្រជាពុទ្ធបរិស័ទ សប្បុរសជន ឲ្យចូលរួមធ្វើបុណ្យសន្សំកុសល តាមរយៈ សកម្មភាពមនុស្សធម៌ ដែលផ្នែកមួយក្នុងការចូលរួមតបស្នងទៅរាជរដ្ឋាភិបាល ដែលបានដឹកនាំកសាងប្រទេសជាតិឲ្យមានភាពរីកចម្រើន សម្បូរសម្បាយ ជីវភាពប្រជាពលរដ្ឋមានភាពធូធារ ហើយវិស័យពុទ្ធសាសនា ក៏មានការអភិវឌ្ឍន៍រីកចម្រើនផងដែរ។

ទន្ទឹមនោះដែរ លោកស្រីអភិបាល ក៏បានប្រគល់នូវគ្រឿងឧបភោគបរិភោប រួមនិងថវិការឧបត្ថម្ភ ដល់គណៈកម្មាការទូកង ចំនួន ០៤ ដែលនឹងត្រូវទៅប្រកួតនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យអុំទូក ដោយក្នុង១ទូកទទួលបានថវិការចំនួន ៥០ ម៉ឺនរៀល៕