កាកបាទក្រហមកម្ពុជា ទទួលអំណោយជាអង្ករ២០តោន ពីក្រុមសហករណ៍ នៃឱសថការីខ្មែរបារាំង និងសមាគមឱសថការីខ្មែរបារាំង
19-08-2016 17:11
(ភ្នំពេញ)៖នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយជាអង្ករ២០តោន ពីក្រុមសហករណ៍ នៃឱសថការីខ្មែរបារាំង និងសមាគមឱសថការីខ្មែរបារាំង ដែលដឹកនាំដោយ លោក ប៉ុល ចាន់ណា ប្រធានក្រុមសហករណ៍ នៃឱសថការីខ្មែរបារាំង និងលោក ឃុន ហាក់នី ប្រធានសមាគមឱសថការីខ្មែរបារាំង។
ក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្ដីថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈប្រតិភូ ដែលមានទឹកចិត្តមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋខ្មែរ ទោះបីជាពួកគាត់រស់នៅឆ្ងាយពីប្រទេសកម្ពុជាក៏ដោយ។
ជាមួយគ្នានោះ ក្នុងនាមគណៈប្រតិភូ លោក ប៉ុល ចាន់ណា និងលោក ឃុន ហាក់នី និងប្រតិភូអមដំណើរ បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានការរីកចម្រើនយ៉ាងផុសផុលគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនោះដែរ គណៈប្រតិភូបានលើកឡើងអំពីការរីកចម្រើនគួរជាទីមោទនៈរបស់ប្រទេសកម្ពុជា និងបានរំលឹកផងដែរថា សមាគម និងសហករណ៍ នៃឱសថការីខ្មែរបារាំង ក៏ធ្លាប់បានផ្ដល់អំណោយមនុស្សធម៌ជូនដល់កាកបាទក្រហមកម្ពុជាផងដែររយៈពេលកន្លងមក៕