(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងគណៈប្រតិភូ ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះ លោក ជូអុក លី ប្រធានកម្មវិធីប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង WEF នាពេលកន្លងមក ព្រមទាំងបានអរគុណ ចំពោះ WEF ដែលបានអញ្ជើញ សម្តេចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ដែលនឹងប្រព្រឹត្តិទៅនៅខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្ដេចធិបតី ក៏រំឭក ឡើងវិញអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ WEF ចំពោះកម្ពុជា ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន (WEF on ASEAN) កាលពីខែឧសភា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងបានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែបានគាំទ្រដល់វេទិកាពិភពលោកនេះ ហើយសម្ដេចតេជោផ្ទាល់ធ្លាប់បានចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំវេទិកាWEF ចំនួន៣លើកផងដែរ។ សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងនៅតែបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយ WEF។

លោក ជូអុក លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏ មមាញឹក ទទួលជួបរូបលោកនិងគណៈប្រតិភូ និងបានពាំនាំការសួរសុខទុក្ខរបស់ លោកសាស្ត្រាចារ្យ ក្រួស ស្ងប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកជូនចំពោះសម្តេចធិបតី។

លោក ជូអុក លី តែងតែគូសរំលេចអំពីសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់បណ្តាប្រទេសផ្សេងៗ និងវិស័យឯកជន។ ព្រមជាមួយគ្នានេះ លោក ជូអុក លី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤នេះ។

លោកបានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ មានថ្នាក់ដឹកនាំប្រទេសចំនួន៤៩ និងមានវិស័យឯកជនប្រមាណជិត២០០០ បានបញ្ជាក់អំពីការចូលរួមផងដែរ។ កិច្ចប្រជុំនេះក្រោមមូលបទ «ការកសាងទំនុកចិត្តឡើងវិញ» ដែលផ្តោតលើសសរស្ដម្ភសំខាន់ចំនួន៤ រួមមាន៖

*ទី១៖ ការរក្សាសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបាក់បែក
*ទី២៖ ការអភិវឌ្ឍរីកចម្រើននិងការបង្កើត ការងារសម្រាប់យុគសម័យថ្មី
*ទី៣៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាកម្លាំងជំរុញសេដ្ឋកិច្ចនិងសង្គម
*ទី៤៖ ការដាក់ចេញនូវយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល។

មុននឹងបញ្ចប់ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់វេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) ដែលជាវេទិកាមួយដ៏សកម្មសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យ ឯកជន ហើយក៏ជាវេទិកាដែលរដ្ឋាភិបាលអាចបង្ហាញពីគោលនយោបាយ និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងវិស័យ ធុរកិច្ច និងការវិនិយោគជាដើម៕