(កំពង់ឆ្នាំង)៖ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហ៊ែល តូនី អនុប្រធានទទួលបន្ទុកក្តាប់រួម​ អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារទទួលបន្ទុកក្តាប់រួម ចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រី្ត ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអាជ្ញាធរទន្លេសាប ចូលរួមកិច្ចប្រជុំពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ រួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីបច្ចេកទេសសាលាខេត្តកំពង់ឆ្នាំង, មន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង និងអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានពាក់ព័ន្ធ នៃស្រុក/ឃុំ/ភូមិពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន៧៧នាក់។

កិច្ចប្រជុំបានពិភាក្សាលើចំណុចមួយចំនួនដូចខាងក្រោម៖

*ទី១៖ លទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប

*ទី២៖ ពិភាក្សាលើបញ្ហាពាក់ព័ន្ធ (តំបន់១ តំបន់២ និងតំបន់៣)

*ទី៣៖ ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ តំបន់១, តំបន់២ និងតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង

*ទី៤៖ កិច្ចសហការពីថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីមូលដ្ឋានពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ក្នុងការចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់១ តំបន់២ និងតំបន់៣

*ទី៥៖ ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរមតិយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមក កិច្ចប្រជុំបានឯកភាពគ្នាដូចខាងក្រោម៖

*ទី១៖ អង្គប្រជុំ បានយល់ស្រប បន្តកិច្ចសហការរវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក

*ទី២៖ ផ្ទៀងផ្ទាត់ចំណុចលម្អៀង នៃទិន្នន័យរបស់អាជ្ញាធរទន្លេសាប និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ឆ្នាំង

*ទី៣៖ ឯកភាពប្រើប្រាស់ទិន្នន័យផែនទី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាគោល។ រាល់ទិន្នន័យដែលពាក់ព័ន្ធ គឺអាចស្នើសុំមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រសិនបើមានតម្រូវការចាំបាច់។

*ទី៤៖ ឯកភាពចែករំលែកទិន្នន័យ ព័ត៌មានរួម និងបច្ចេកទេសរវាងស្ថាប័នពាក់ព័ន្ធ

*ទី៥៖ ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែងក្នុងខេត្តកំពង់ឆ្នាំង

*ទី៦៖ អនុវត្តតាមស្មារតីខ្លឹមសារ អនុក្រឹត្យលេខ១៩៧។

សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាប បានចេញសេចក្ដីសម្រេចលេខ ២៣៦ អទស នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបង្កើតក្រុមការងារចុះតាមដានពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ)៕