(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំត្រួតពិនិត្យពង្រឹងកងកម្លាំង ក្នុងការអនុវត្តតួនាទី ភារកិច្ច ការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ ជាពិសេសក្នុងឱកាសពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ នាពេលខាងមុខនេះ។

កិច្ចប្រជុំដាក់បទបញ្ជាបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងអ្នកពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌបានដាក់ផែនការអោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គ្រប់គោលដៅទាំងអស់ ទាំងថ្ងៃទាំងយប់ ចាប់ពីថ្ងៃនេះរហូតដល់ចប់ព្រះរាជពិធីបុណ្យអ៊ំទូក ដោយបែងចែកកម្លាំងប្រចាំការ និងចុះល្បាតតាមមូលដ្ឋាន ជាពិសេសត្រូវចុះត្រួតពិនិត្យតាមទីតាំងទិញ-លក់អេតចាយទាំងអស់ ដោយធ្វើការណែនាំម្ចាស់ទីតាំងហាម កុំឲ្យទិញរបស់ ចោរកម្ម ដូចជាខ្សែភ្លើង គម្របលូដែក និងឧបករណ៍ដែលសង្ស័យថា ជាគ្រឿងផ្ទុះ ឬជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំមើលរំលងអោយសោះ ដាច់ខាតកុំមើលស្រាលទីតាំងទិញ លក់ អេតចាយ…។

ចំណុចមួយទៀត លោកអភិបាលបានដាក់បទបញ្ជាដល់កម្លាំងនគរបាល កងរាជអាវុធហត្ថ ត្រូវដាក់កម្លាំងចុះពង្រឹងនៅតំបន់ក្រុងកោះនរា ដែលជាតំបន់ប្រជាពលរដ្ឋ ចូលលេងច្រើន ការចុះរៀបចំសណ្តាប់ធ្នាប់ ត្រូវចូលរួមរៀបចំសម្រួលចរាចរណ៍ កុំអោយមានការកកស្ទះអោយសោះ ពេលចេញចូលតំបន់ទីក្រុងកោះនរានោះ។

លោកអភិបាលខណ្ឌបានណែនាំឲ្យលោក-លោកស្រី ជាអភិបាលរងខណ្ឌ, លោក-លោកស្រី ជាចៅសង្កាត់ទាំង០៨ ដែលជាថ្នាក់ដឹកនាំនៅមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលដែលសម្តេចអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីផ្សេងៗ ពាក់ព័ន្ធកិច្ចការងាររដ្ឋបាលសាធារណៈនៅតាមមូលដ្ឋាន ហើយយកប្រសាសន៍របស់សម្តេចមកអនុវត្តភ្លាម៕