(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងក្របខ័ណ្ឌស្រុកអូររាំងឪ បានដំណើរការទៅដោយរលូន ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ សំណើរ និងសំណូមពរ។

វេទិការនេះធ្វើឡើងនៅបរិវេណវត្តសុធម្មាហៅ(វត្តជ្រួល) ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីគោលបំណងនៃការរៀបចំវេទិការនេះឡើង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាព និងសកម្មភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក។

ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា វេទិកានេះក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ លើកឡើងជាសំណួរ បញ្ចេញមតិ និងសំណូមពរនានារបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ និងបញ្ហាដែលប្រឈមកន្លងមក ដើម្បីសំណូមពរនិងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋានដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចឆ្លើយតប និងដោះស្រាយជូន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានរុញច្រានឱ្យខេត្តត្បូងឃ្មុំទាំងមូល និយាយជារួមស្រុកអូររាំង និយាយដោយឡែក មានការអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់។

លោកបណ្ឌិត អភិបាលខេត្ត បានបន្ថែមថា ក្នុងការអភិវឌ្ឍន៍ និងបម្រើសេវារដ្ឋបាលជូនពលរដ្ឋនឹងមានបញ្ហាមួយចំនួន ក្នុងនោះដែលរដ្ឋបាលខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន បានដោះស្រាយ កំពុងដោះស្រាយ និងបន្តដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមអាណាព្យាបាល។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ចំពោះសំណើរ សំណូមពររបស់ពលរដ្ឋ ដែលបានលើកឡើង លោកទទួលយក និងចាត់ឱ្យមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដោះស្រាយឱ្យអស់នូវទុក្ខកង្វល់របស់បងប្អូនធ្វើយ៉ាងណាធ្វើឱ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខសាន្តត្រាណ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់អាជ្ញាធរស្រុកអូររាំងឪ ត្រូវបន្តបម្រើសេវារដ្ឋបាលសាធារណៈឱ្យបានលឿនរហ័ស ចុះឲ្យដល់មូលដ្ឋាន ប្រមូលសំណើរសំណូមពរ ដោះស្រាយបញ្ហា ទុក្ខកង្វល់ ជូនពលរដ្ឋ ជាពិសេសធានាឱ្យបាននូវសុខសុវត្ថិភាពជូន និងបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានជាបន្តទៀត។

សូមជម្រាបជូនថា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋ បានលើកឡើងនៅសំនួរ សំណើរ សំណូមពរចំនួន១៧ករណី ត្រូវបានឆ្លើយតបបំភ្លឺ និងដោះស្រាយជូនភ្លាមៗ រួមមាន៖ ស្នើសុំការកែសម្រួលឡើងវិញនូវប្រព័ន្ធលូ ការបង្រៀនគួរក្រៅម៉ោងយកថ្លៃ តបណ្ដាញអគ្គីសនី ស្នើរសុំប័ណ្ណសមធម៍គ្រួសារក្រីក្រ ការធ្វើប្លង់កម្មសិទ្ធដីធ្លី ស្នើរសុំស្ថាបនា និងជួសជុលផ្លូវ និងបញ្ហាយកភាសុីសត្វឃាតមានការឡើងថ្លៃជាងមុន៕