(ភ្នំពេញ)៖ តាមរយៈកម្មវិធីសិក្សា ១+៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) និស្សិតកម្ពុជា ៦រូប មានឱកាសប្រលងជាប់ ដើម្បីទៅបន្ដការសិក្សានៅសាកលវិទ្យាល័យ Angelo State ដែលជាសាកលវិទ្យាល័យជាតិមួយដ៏ធំ នៅរដ្ឋ Texas សហរដ្ឋអាមេរិក ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិត ត្រៀមចេញទៅបន្ដការសិក្សានៅអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា កម្មវិធីសិក្សា ១+៣ ខាងលើ ត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការរវាង RUPP និង Angelo State ដោយមានការណែនាំ និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ។

ឆ្នាំនេះ ជាជំនាន់ទី២ ដែលនិស្សិតកម្ពុជា ទទួលបានឱកាសទៅបន្ដការសិក្សារយៈពេល ៣ឆ្នាំ ក្រោមកម្មវិធីសិក្សាស្ដង់ដាអន្ដរជាតិខាងលើ នៅសាកលវិទ្យាល័យ Angelo State បន្ទាប់ពីពួកគេ បានសិក្សារយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ប៉ុន្ដែឆ្នាំនេះ កាន់តែពិសេស ដែលមាននិស្សិតរហូតដល់ ៦នាក់ បានជាប់ទៅសិក្សានៅអាមេរិក ដែលជាចំនួនមួយច្រើនជាងឆ្នាំ២០២២ មាននិស្សិតកម្ពុជា ២នាក់ប៉ុណ្ណោះ ដែលបានប្រឡងជាប់ទៅសិក្សានៅ Angelo State ដូចគ្នា ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសាកលវិទ្យាធិការ បានបន្ដទៀតថា កម្មវិធីនេះ ពិតជាល្អ និងមានអត្ថប្រយោជន៍សម្រាប់និស្សិតខ្មែរ ក្នុងការចេញទៅសិក្សានៅសាកលវិទ្យាល័យធំ ដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីទទួលនូវចំណេះដឹងថ្មីៗ លើជំនាញដែលខ្លួនរៀន ក៏ដូចវប្បធម៌រស់នៅ និងការប្រាស្រ័យទាក់ទងជាដើម ដែលនឹងជំរុញឲ្យពួកគេកាន់តែរីកចម្រើន។ ក្រៅពីសាលាដៃគូនៅអាមេរិក RUPP ក៏មានសាកលវិទ្យាល័យដៃគូក្រៅប្រទេសជាង ២៥០ ទៀត នៅអឺរ៉ុប អាស៊ី និងតំបន់ ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតខ្មែរ បានចេញទៅបន្ដការសិក្សាផងដែរ ។

កញ្ញា គៀង គុនថារ៉ូឡែន និងយុវជន ឡេក ប៊ុនសេង និស្សិតក្នុងចំណោម ៦នាក់ ដែលប្រឡងជាប់ទៅបន្ដការសិក្សានៅសាកលវិទ្យាល័យ Angelo State បានសម្ដែងនូវក្ដីរំភើបរីករាយជាខ្លាំង ក្នុងនាមនិស្សិតខ្មែរ ដែលមានឱកាសចេញទៅសិក្សានៅអាមេរិក ហើយអាចសន្សំសំចៃថវិកាថែមទៀត ។ ពួកគេបានប្ដេជ្ញានឹងយកឱកាសនេះ ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំង ដើម្បីយកចំណេះជំនាញ មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ។

បន្ថែមលើនេះ ពួកគេបានផ្ដាំផ្ញើដល់និស្សិត និងសិស្សប្អូនផ្សេងទៀត ដែលមានបំណងចង់ទៅសិក្សានៅអាមេរិកដូចខ្លួន អាចចូលរួមជាមួយកម្មវិធីសិក្សា ១+៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិសេសនិស្សិតទាំងអស់ ត្រូវត្រៀមមុននឹងប្រឡង ចាំបាច់ត្រូវពង្រឹងលើមុខជំនាញរបស់ខ្លួន និងភាសាអង់គ្លេស ដែលត្រូវឆ្លងកាត់ការប្រឡង និងទទួលបានពិន្ទុដល់កម្រិត ទាំងសាកលវិទ្យាល័យ RUPP និង Angelo State ទទួលយកបាន ទើបជាប់ទៅបន្ដការសិក្សារយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យជាតិអាមេរិកខាងលើ ។

សម្រាប់និស្សិត ៦រូប ត្រៀមចេញទៅសិក្សានៅសាកលវិទ្យាល័យ Angelo State ឆ្នាំនេះ រួមមាន៖ ១.កញ្ញា គៀង គុនថារ៉ូឡែន ២. លោក ឡេក ប៊ុនសេង ៣. លោក ណក់ រតនៈ ៤. លោក សារុត ចេស្ដា ៥. លោក ជឹម សិក្ខាយុត្ត និង ៦. លោក វ៉ាន រាជវន្ត ។ ការសិក្សានៅអាមេរិក មានតម្លៃប្រមាណ ៩,០០០ដុល្លារ (មិនគិតការស្នាក់នៅ-ហូបចុក និងចំណាយផ្សេងៗ) តែជាតម្លៃពិសេស គិតដូចពលរដ្ឋរស់នៅក្នុងរដ្ឋរបស់អាមេរិក ។ ក្រោយចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រ ២ ពីសាកលវិទ្យាល័យ RUPP ផង និង Angelo State ផង ។

ចំពោះកម្មវិធីសិក្សា ១+៣ នេះដែរ សម្រាប់និស្សិតចង់ចុះឈ្មោះចូលរៀន ត្រូវគោរពលក្ខខណ្ឌមួយចំនួន ដូចជា៖ បេក្ខជនត្រូវមានសញ្ញាមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ, កម្រិតភាសាអង់គ្លេស, និងដាក់ពាក្យ ដើម្បីធ្វើការឆ្លងកាត់ការប្រឡងជ្រើសរើសជាដើម ។ ចំពោះមុខវិជ្ជាសិក្សា មានដូចជា៖ គ្រប់គ្រងធុរកិច្ច(Business Administration), វិស្វកម្ម (Engineering), ព័ត៌មានវិទ្យា (Computer Science), ជីវវិទ្យា (Biology), គីមី(Chemistry), រូបវិទ្យា(Physics), វិទ្យាសាស្ដ្រនយោបាយ(Political Science), សារគមនាគមន៍(Communication) និងប្រព័ន្ធផ្សព្វផ្សាយ (Mass Media) ។