(ភ្នំពេញ)៖ ដោយមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយកម្ពុជា លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) តែងលើកបង្ហាញពីសក្តានុពលរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំនានា ជាមួយបណ្តាប្រទេសលើសកលលោក ដើម្បីរួមចំណែកទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។
មនោសញ្ចេតនា និងការជួយជ្រោមជ្រែងរបស់ស្ថាបនិក WEF ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជានេះ ត្រូវបានលើកបង្ហាញដោយលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ WEF ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោក ជូអុក លី បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ WEF ជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យតែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។
លោក ជូអុក លី បានជម្រាបសម្តេចធិបតី អំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ»។ វេទិកានឹងបែងចែងជា៤សសរស្តម្ភ រួមមាន៖ ១) ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបាក់បែក, ២) ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារសម្រាប់យុគសម័យថ្មី, ៣) ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង ៤) ការដាក់ចេញយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល ដោយនឹងមានការចូលរួមយ៉ាងច្រើនកុះកររបស់ស្ថាប័នជាងពីរពាន់ មកពីទូទាំងពិភពលោក។
សម្តេចធិបតី បានសម្តែងការស្វាគមន៍គណៈប្រតិភូ WEF និងបានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង WEF ក្នុងរយៈកាលកន្លងមកនេះ។ ជាពិសេសការសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ WEF នៅកម្ពុជា កាលពីឆ្នាំ២០១៧។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ WEF ដែលជាវេទិកាមួយដ៏សកម្មសម្រាប់កិច្ចទំនាក់ទំនងទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការដាក់បង្ហាញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យធុរកិច្ច និងវិនិយោគជាដើម។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីការបន្តគាំទ្រចំពោះកិច្ចប្រជុំនានារបស់ WEF ដូចរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗផងដែរ។ ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោក ជូអុក លី ដែលបានអញ្ជើញសម្តេច ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ថា WEF ជាមូលនិធិមិនស្វែងរកប្រាក់ចំណូល ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានអាជ្ញាធរស្វីស ទទួលស្គាល់ថា ជាអង្គភាពអន្តរជាតិ។ បេសកកម្មវេទិកាសេដ្ឋកិច្ចពិភពលោក គឺប្តេជ្ញាជម្រុញវិស័យពាណិជ្ជកម្ម នយោបាយ និងរៀបចំរបៀបវារៈ នៃកិច្ចប្រជុំផ្តោតលើវិស័យឧស្សាហកម្មថ្នាក់តំបន់ និងពិភពលោក។
វេទិកានេះ ទទួលបានភាពល្បីល្បាញ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ ដែលតែងប្រព្រឹត្តទៅនៅចុងខែមករា ក្នុងទីក្រុង Davos ដែលជារមនីយដ្ឋានតំបន់ភ្នំដ៏ស្រស់ស្អាត នៅក្នុងប្រទេសស្វីស។ ជាញឹកញាប់ទីតាំងនេះ ត្រូវបានប្រើប្រាស់ជាកន្លែង សម្រាប់រៀបចំកិច្ចប្រជុំនេះផ្ទាល់តែម្តង ហើយអ្នកចូលរួមបានហៅទីនោះថា A Davos Panel ឬ a Davos Man។
អង្គការនេះ ក៏មានការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ប្រមាណពី៦ ទៅ៨ដងផងដែរក្នុងមួយឆ្នាំ ក្នុងតំបន់មួយចំនួនដូចជា អាមេរិកឡាទីន និងអាស៊ីបូព៌ា ព្រមទាំង បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំបន្ថែមផ្សេងទៀត ក្នុងប្រទេសចិន និងសហភាពអារ៉ាប់រួម។ មិនតែប៉ុណ្ណោះវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានធ្វើរបាយការណ៍ស្រាវជ្រាវ និងផ្សារភ្ជាប់សមាជិករបស់ខ្លួន ទៅក្នុងទិសដៅច្បាស់លាស់មួយ៕