(ក្រុងរីយ៉ូ)៖ វិរៈកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងចេញប្រកួតលើកដំបូង ហើយក៏ជាជំនួបដ៏ធំក្នុងជីវិតរបស់នាងដែរ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ ផ្នែកកីឡាតេក្វាន់ដូ វិញ្ញាសានារី ទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដោយត្រូវប៉ះកីឡាការិនីហូឡង់ Reshimie Oogink នៅយប់ថ្ងៃស្អែកម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។
កីឡាការិនីដែលមានវ័យទើបតែ ២០ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ស៊ន សៀវម៉ី នឹងក្លាយជាអត្តពលិកទី៥ របស់កម្ពុជាដែល បញ្ជូនទៅចូលរួម Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល លើកទី៣១នេះ បន្ទាប់ពីមិត្តរួមជាតិ៤នាក់ ប្រភេទកីឡាហែលទឹក កីឡារត់ប្រណាំង និងកីឡាចំបាប់ធ្វើមិនបានល្អរួចមក ដោយជ្រុះត្រឹមវគ្គជម្រុះជុំទី១ ដូចគ្នា។
នេះជាការប្រកួតដ៏ធំក្នុងលំដាប់ពិភពលោក លើកទី១ របស់កីឡាការិនី ស៊ន សៀវម៉ី ហើយក៏ជាក្តីសង្ឃឹមរបស់កម្ពុជា ផងដែរ ក្នុងការប្រជែងយកមេដាយនៅ Rio Olympic Games 2016 ដោយចាប់ផ្តើមប្រកួត ក្នុងវគ្គ១៦នាក់ ក្នុងការ ប្រជែងកៅអីឡើងទៅវគ្គ៨នាក់ជាបន្តទៀត។
នាយកបេសកកម្ម Rio 2016 និងជាអគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន ធ្លាប់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅទីក្រុង Rio de Janeiro ថា «សៀវម៉ី គឺជាអត្តពលិករបស់កម្ពុជា ដែលសង្ឃឹមឈ្នះមេដាយ នៅអូឡាំពិក ឆ្នាំ២០១៦ នេះ ព្រោះថាកញ្ញា បានឈ្នះសិទ្ធិពេញលេញក្នុងការប្រកួតជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ ដោយបានឈ្នះមេដាយមាសផងដែរ ក្រៅពីឈ្នះមេដាយមាស ១គ្រឿងផងដែរ កាលពីដើម ឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាស៊ី ASEAN Games 2015 នៅទីក្រុង Inchouen នៃប្រទេសកូរ៉េខាងត្បូង»។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នៅពេលនេះកីឡាការិនី ស៊ន សៀវម៉ី បានត្រៀមខ្លួនរួចរាល់ហើយ និងក៏បានធ្វើការ ហ្វឹកហាត់ជាយ៉ាងខ្លាំងក្លាផងដែរ ពុំមានបញ្ហាអ្វីឡើយ រង់ចាំតែការប្រកួត មកដល់នៅម៉ោង ១រសៀលនៅប្រេស៊ីល ស្មើនឹងម៉ោង ១១យប់ ម៉ោងនៅកម្ពុជាស្អែកនេះតែប៉ុណ្ណោះ៕