(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលមូលដ្ឋានអស់រយៈពេលពីរថ្ងៃ និស្សិតនៃសាកល វិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ចចំនួន១៣០នាក់ ត្រូវបានបំពាក់កន្សែង ជូនជាផ្លូវការ ជាយុវជនកាកបាទក្រហមកម្ពុជា ដែលពិធីបំពាក់កន្សែងនេះ បានប្រារព្ធធ្វើ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ពិតចំណាន រដ្ឋលេខាធិការក្រសួង អប់រំ យុវជននិងកីឡា និងជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះ លោក ពិត ចំណាន បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែយកចិត្តទុកដាក់ចង្អុលបង្ហាញនិងជំរុញ គណៈគ្រប់គ្រង នៃគ្រឹះស្ថានឧត្តមសិក្សា បន្ដកសាងបណ្ដាញយុវជន កាកបាទក្រហមកម្ពុជា ដើម្បីបំពេញសកម្ម ភាពមនុស្សធម៌ ស្របតាមស្ថានភាពសង្គម នាបច្ចុប្បន្ននេះ។

លោកសង្ឃឹមយ៉ាងមុតមាំថា ការបំពាក់កន្សែងជូនយុវជន កក្រក ថ្មីសរុប១៣០នាក់នាពេលនេះ គឺជាចំណែកថ្មីមួយទៀត ក្នុងការពង្រឹងនិងពង្រីកបណ្ដាញយុវជន ដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ របស់ចលនាអន្ដរជាតិ ស្របតាមវិស័យ អាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

មួយវិញទៀតក្មួយៗយុវជនកាក បាទក្រហមកម្ពុជាទាំងអស់ ត្រូវបន្ដចែករំលែកនូវចំណេះដឹងថ្មីៗ ដែលខ្លួនមានជូននិស្សិត ផ្សេងទៀត បានដឹង និងយល់កាន់តែច្បាស់ ពីកាកបាទក្រហមកម្ពុជា ជាពិសេសបន្ដគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហម កម្ពុជាឱ្យកាន់តែប្រសើរឡើង ឆ្លើយតបស្របនឹងតម្រូវការជាក់ស្ដែង របស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុង គ្រឹះស្ថានសិក្សានិងសហគមន៍របស់ខ្លួន។

ជាមួយនឹងការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៣០នាក់ ក្នុងថ្ងៃនេះ លោករដ្ឋលេខាធិការបានពាំនាំនូវ អនុសាសន៍សំខាន់ៗ របស់សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប្រធានផ្ដាំផ្ញើ ជូនថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងយុវជនទាំងអស់ ចំនួន៦ចំណុចរួមមាន៖

១៖ ត្រូវបន្តកសាងសមត្ថភាពអ្នកស្ម័គ្រ ចិត្តនិងយុវជន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសភាពការណ៍ ក្នុងវិស័យមនុស្សធម៌ ត្រូវបង្កើតបណ្តាញក្រុមអ្នកជំនាញនិងប្រតិបត្តិករផ្ទាល់លើការងារស្វែងរកដំណោះស្រាយថ្មីនៃការងារមនុស្សធម៌ ដើម្បីអាចចែករំលែក នូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរក ដំណោះស្រាយរួម។

២៖ ត្រូវបន្តកសាងសមត្ថភាពយុវជន ការអភិវឌ្ឍជំនាញ និងការកសាងបណ្តាញការងារ ដោយប្រគល់សិទ្ធិសម្រេច និងផ្តល់ឱកាសដល់យុវជន ចូលរួមធ្វើសេចក្តីសម្រេច ការអនុម័ត និងការអនុវត្ត ការងារការបណ្តុះគំនិតនិងវិធីសាស្រ្តថ្មីៗដើម្បីលើកកម្ពស់និរន្តរភាពកម្លាំងមនុស្សធម៌វ័យក្មេងសម្រាប់បន្តវេនជួយសហគមន៍ ឱ្យឆ្លើយតបទៅនឹងគ្រោះមហន្តរាយ បានទាន់ពេលវេលា។

៣៖ យកចិត្តទុកដាក់ពង្រឹង សកម្មភាពមិត្តអប់រំមិត្តមិត្តជួយមិត្តចេះជួយសិស្ស-និស្សិតនិងយុវជនកាកបាទក្រហមកម្ពុជាដែលមានជីវភាព ខ្វះខាតហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុននិងសិស្ស-និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហ គមន៍ជាក្រោយ។

៤៖ ពង្រឹងនិងពង្រីកនូវវប្បធម៌ចែករំលែកមិត្តអប់រំមិត្តក្នុងចំណោមសិស្ស-និស្សិតនិងយុវជន កក្រក នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍។

៥៖ សូមបន្ដផ្សព្វផ្សាយដល់សមាជិកយុវជន និងនិស្សិតទូទៅ ឱ្យបន្ដចូលរួម រាល់ព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ ដើម្បីលើកកម្ពស់លើកកម្ពស់ កិត្យានុភាព និងស្មារតីជាតិ និយមរបស់ជាតិ។

៦៖ បន្តផ្សព្វផ្សាយ នូវសេចក្តីណែនាំនានា របស់កាកបាទក្រហមកម្ពុជាឱ្យបានប្រកប ដោយប្រសិទ្ធភាពនិងទូលំទូលាយដើម្បីងាយស្រួលក្នុងការបំពេញសកម្មភាពមនុស្សធម៌នៅគ្រប់មជ្ឈដ្ឋាននៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍៕