(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងជប៉ុន បានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ជប៉ុន និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។

ការឯកភាពនេះបានធ្វើឡើងតាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីលើកទី១ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។ កិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយលោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ្វឺណាកុហ្សឺ តាកេហិរូ (FUNAKOSHI Takehiro) អនុរដ្ឋមន្ត្រីការ បរទេស នៃប្រទេសជប៉ុន បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេសកម្ពុជា-ជប៉ុន លើកទី១ នៅទីក្រុងតូក្យូ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ភាគីជប៉ុនបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងជប៉ុន ដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ក្នុងឱកាសខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ព្រមទាំងទន្ទឹងរង់ចាំស្វាគមន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងប្រជុំនេះ និងមានជំនួបកំពូលទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី គីស៊ីដា។

បន្ថែមពីនេះ ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងកម្ពុជា-ជប៉ុនបានរីកចម្រើនកាន់តែខ្លាំង ដែលឈានដល់កម្រិតថ្មីជាមួយនឹងការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅដើមឆ្នាំនេះ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍឌីជីថល ចំណងររវាងប្រជាជន និងប្រជាជនជាដើម។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ ជាពិសេសជំនួបកំពូលរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុននាពេលថ្មីៗនេះ។ ជំនួបកំពូលបានរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

ភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន ជាពិសេសស្ថិរភាពនៃពាណិជ្ជកម្មទ្វេភាគី និងវិនិយោគដ៏ច្រើនរបស់ជប៉ុននៅកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីមធ្យោបាយជំរុញពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជា
ឱ្យកាន់តែច្រើនថែមទៀត។

ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រ និងជំនួយមិនអាចកាត់ថ្ល បានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយកម្ពុជាជាដៃគូដ៏សំខាន់មួយរបស់ជប៉ុនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ភាគីជប៉ុនបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងគោលនយោបាយជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។

នៅថ្ងៃទី២១ ខែវិច្ឆិកា លោកស្រី ទួត បញ្ញា បានជួបពិភាក្សាដាច់ដោយឡែកជាមួយលោក បុរី អីវ៉ាអុ (HORI Iwao) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសជប៉ុន។ ភាគីទាំងពីរបានពិភាក្សា ប្រកបដោយផ្លែផ្កាលើការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការពហុវិស័យ ក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ភាគីកម្ពុជា បានថ្លែងអំណរគុណភាគីជប៉ុនចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំយ៉ាងល្អ ប្រសើរនូវកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី លើកទី១នេះ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ច ពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី២ នៅកម្ពុជា នៅឆ្នាំ២០២៤ តាមកាលបរិច្ឆេទដែលសមស្រប សម្រាប់ភាគីទាំងពីរ៕