(ភ្នំពេញ)៖ កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និង ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានរៀបចំកម្មវីធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម រវាងសមាគមជប៉ុន-កម្ពុជា (JCA) ជាមួយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលមានអ្នកវិនិយោគ ខ្មែរ និង ជប៉ុន អញ្ជើញចូលរួម ចំនួន ៦៤នាក់ និង ប្រពឹត្តទៅនៅ សណ្ឋាគារ SUN & MOON Riverside  រាជធានីភ្នំពេញ។

ក្នុងឱកាសនៃកម្មវិធីនេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានជម្រាបជូន ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងអង្គពិធីទាំងមូល ដើម្បីជ្រាបអំពីកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម ជាមួយនឹងប្រទេសជប៉ុននាពេលនេះ ក្នុងគោលបំណង ដើម្បីបង្កើត និងពង្រឹងចំណងមិត្តភាព ក្នុងកិច្ចសហការពាណិជ្ជកម្ម ក៏ដូចជាស្វែងយល់ពីប្រភេទផលិតផល ប្រភេទពាណិជ្ជកម្មកាន់តែច្បាស់ និងផ្គូរផ្គងថាតើផលិតផលណាខ្លះដែលកម្ពុជាអាចនាំចេញទៅប្រទេសជប៉ុនបាន ហើយផលិតផលណាមួយដែលជប៉ុន អាចនាំចូលមកកម្ពុជាបានតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ FASMEC ក៏បានអញ្ជើញអ្នកវិនិយោគ និងម្ចាស់សហគ្រាសជាច្រើនអ្នកមានទាំង(កម្ពុជា និងជប៉ុន) ឱ្យចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មនេះផងដែរ ហើយលោកឧកញ៉ាប្រធានសង្ឃឹមយ៉ាងមុតមាំថា នឹងមានផលិតផលខ្មែរនៅក្នុងទីផ្សារប្រទេសជប៉ុនកាន់តែច្រើនឡើងៗនាពេលខាងមុខនេះ។ ហើយជាពិសេសផងដែរក្នុងការពិភាក្សាគ្នានេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតទំនាក់ទំនង អាជីវកម្មជាមួយគ្នា ព្រមទាំងរឹតចំណង មិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ថែមទៀត ហើយលោកឧកញ៉ាប្រធានសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍នៃការអញ្ជើញមកដល់នូវអ្នកវិនិយោគពីប្រទេសជប៉ុនមកកាន់កម្ពុជា លើវិស័យសហគ្រាសធុនតូច និងមធ្យម នឹងជួយបន្ថែមការនាំបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ដល់ប្រជាជនកម្ពុជា ដើម្បីកែច្នៃផលិតផលវត្ថុធាតុដើមកម្ពុជា ឱ្យក្លាយជាផលិតផលសម្រេច ដើម្បីបង្កើនការនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក នឹងបង្កើនដៃគូសហការរវាងប្រទេសជប៉ុន និងកម្ពុជា ឱ្យកាន់តែសំបូរបែបថែមទៀត។