(ព្រៃវែង)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារដែលដាក់លក់ ខូចគុណភាព និងហួសកាលបរិច្ឆេទ នៅលើទីផ្សារនោះ លោក តូច ចៅកុយ អនុប្រធានកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយស្ថាប័ន និងមន្ទីរពាក់ព័ន្ធ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅតាមតូបលក់ទំនិញក្នុងផ្សារកំពង់សឹង្ហ ស្រុកព្រះសេ្តច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។
លោក តូច ចៅកុយ បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញ នៅលើទីផ្សារនេះ មន្រ្ដីជំនាញ បានយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់ នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។
លោកអនុប្រធានសាខាកាំកុងត្រូល បានបន្តថា «ការចុះត្រួតពិនិត្យនេះ យើងបានដកហូត ទឹកក្រូចខូចគុណភាពចំនួន៨ដប ស្មើ៤គីឡូក្រាម ទឹកម្ទេស៦ដប ៣គីឡូក្រាម នំផ្អែមចំរុះ១.២គីឡូក្រាម យកទៅរក្សាទុកដើម្បីកំទេចចោល។ ចំពោះអាជីវករដែលបានដកហូតទំនិញ បានធ្វើកិច្ចសន្យាឲ្យឈប់ការដាក់តាំងលក់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់។ ក្រោយពីរកឃើញទំនិញ ខូចគុណភាព ទាំងអស់នោះ កម្លាំងរបស់យើងរឹបអូសយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនាពេលខាងមុខ»។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការដាក់ លាយសារធាតុគីមី ហាម ឃាត់ចូលក្នុងម្ហូបអាហារ នៅតាមតាមតូបលក់ដូរ និងតាមផ្ទះប្រជាពលរដ្ឋ ដែលពួកគាត់អនុញ្ញាតឲ្យបិទ។
ជាមួយគ្នានោះលោក តូច ចៅកុយ ក៏បានណែនាំដល់ក្រុមអាជីវករឲ្យដាក់តាំងលក់ផលិតផល ដែលមានស្លាកសញ្ញាត្រឹមត្រូវនិងមាន អនាម័យត្រឹមត្រូវ ដាក់ឲ្យមានសណ្តាប់ធ្នាប់ ដាក់តាមកន្លែងរៀងៗខ្លួន ដូចជាម្ហូបអាហារ ដាក់តាមម្ហូបអាហារ។
លោកបន្តថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំ ពីលោកអគ្គនាយកកាំកុងត្រូលដើម្បី ទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយលក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យ និងទំនិញខូចគុណភាព៕