(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ បានសម្រេចផ្អាកការងារ លោកមេប៉ុស្តិ៍ស្រែចារ ជាបណ្តោះអាសន្នហើយ និងបញ្ជាឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ពាក់ព័ន្ធនឹងករណីអនុវត្តតួនាទីមិនត្រឹមត្រូវបង្ករឿងជាមួយនឹងការសម្តែងល្ខោននៅវត្តអូរលុង។ នេះបើតាមអ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

អ្នកនាំពាក្យបានឲ្យដឹងថា «បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ»។

ស្នងការដ្ឋាននគរបាលខេត្ត ក៏បានសូមការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត។ ទន្ទឹមនេះដែរ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានថ្លែងអំណរគុណ និងត្រៀមដើម្បីទទួលរាល់ កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គមព័ត៌មាន៕