(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Numan KURTULMUS ប្រធានរដ្ឋសភាតួកគី និងជាប្រធានមហាសន្និបាតសភាតំបន់ អាស៊ី (APA) លោក វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ច ប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសភាតំបន់អាស៊ី (APA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី។

នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនេះ គណៈប្រតិភូសភាកម្ពុជា គ្រោងទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាលក្ខណៈទ្វេភាគី ជាមួយប្រធានសភាតួកគី អគ្គលេខាធិការសភាតំបន់ អាស៊ី(APA) និងគ្រោងជួបទ្វេភាគីជាមួយសភាជាមិត្ត ផងដែរ។

សភាតំបន់អាស៊ី (Asian Parliamentary Assembly) បានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយបានប្តូរ ឈ្មោះមកពីសមាគមន៍សភាអាស៊ីដើម្បីសន្តិភាព (The Association of Asian Parliaments for Peace) ដែលហៅកាត់ថា AAPP បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មក។ សភាកម្ពុជាជាប្រទេសស្ថាបនិក AAPP មួយដែរ។ បន្តបេសកកម្មពី AAPP, APA មានបេសកកម្មនិងគោលបំណងជំរុញនូវសុខសន្តិភាព និង សមាហរណកម្មសម្រាប់តំបន់អាស៊ីទាំងមូល តាមយន្តការសភា។

សូមជម្រាបដែរថា សភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសភាតំបន់អាស៊ី ចំនួន ២ឆ្នាំជាប់គ្នា គឺ មហាសន្និបាតសភាតំបន់អាស៊ី លើកទី៨ ក្នុងឆ្នាំ២០១៥ និងលើកទី៩ ក្នុងឆ្នាំ២០១៦៕