(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាធម្មនុញ្ញ និង​ជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានពាក់​ព័ន្ធការធ្វើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃក្នុង​នៃរដ្ឋសភា ដែលត្រូវបានប្រកាសដោយក្រុមប្រឹក្សាធម្មនុញ្ញថា ស្របនឹងរដ្ឋធម្មនុញ្ញ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានបើក កិច្ចប្រជុំពេញអង្គ​ក្រោម​​អធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពវិសោធនកម្មប្រការ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្ម​ប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជា​ណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យ​ប្រជុំ លើកទី១ នីតិកាលទី៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩​៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន ១១លើក ក្នុងគោលបំណង​ឱ្យខ្លឹម​សារ​មានសង្គតិភាពទៅនឹងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ព្រមទាំងសម​ស្រប​តាមស្ថានភាពជាក់ស្ដែង។

ម្យ៉ាងទៀតច្បាប់មួយចំនួនពាក់ព័ន្ធនឹងការបង្កើតក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងឈ្មោះគណៈកម្មការជំនាញ នៃរដ្ឋសភាមួយចំនួន ពុំទាន់​សម​ស្របនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការនានានៃរដ្ឋសភានៅឡើយ ព្រម​ទាំង​បទពិសោធន៍របស់រដ្ឋសភា និងការវិវត្តរបស់សា្ថប័នរដ្ឋសភា តម្រូវឱ្យធ្វើវិសោធន​កម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ចំនួន ៣ប្រការទៀត គឺប្រការ ៤ថ្មី ប្រការ ៦ថ្មី (ពីរ) និងប្រការ ២៩ថ្មី។

សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី នៃបទបញ្ជាផ្ទៃ​ក្នុង​នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារធ្វើវិសោធនកម្ម ដូចតទៅ៖

* ១៖ ប្រការ ៤ថ្មី៖
ប្រការនេះ បានកែសម្រួលវាក្យខណ្ឌចុងក្រោយ ដោយបានមន្ថែមពាក្យ «ប្រាក់សម្រាប់​រៀបចំពិធីបុណ្យសព» ដែលមាន ខ្លឹមសារដូចតទៅ៖ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋ​សភា​ត្រូវរៀបចំរបបប្រាក់បំណាច់ របបធានារ៉ាប់រងសង្គម ប្រាក់សម្រាប់រៀបចំពិធី​បុណ្យ​សព របបបេសកកម្ម និងលក្ខខណ្ឌធ្វើការងាររបស់តំណាងរាស្ត្រ។

* ២៖ ប្រការ ៦ថ្មី(ពីរ)៖
ប្រការ ៦ថ្មី (ពីរ)នេះ ត្រូវបានកែសម្រួលដោយ៖
- កំណត់ឈ្មោះ​គណៈកម្មការនានានៃរដ្ឋសភាតាមវិស័យ ដើម្បីគណៈកម្ម​ការនានា​នៃរដ្ឋ​សភា អនុវត្តតាមតួនាទីទាំង៣ របស់ខ្លួនបានរលូន ដោយបានកែសម្រួលឈ្មោះ​គណៈ​កម្មការចំនួន៧ គឺគណៈកម្មការ ទី១ គណៈកម្មការទី៣ គណៈកម្មការទី៤ គណៈ​កម្ម​ការ​​ទី៥ គណៈកម្មការទី៧, គណៈកម្មការទី៨ និង គណៈកម្មការទី៩ យោងតាមបទ​ប្បញ្ញ​ត្តិ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៩៧ និងបទបញ្ជាផ្ទៃក្នុង​នៃរដ្ឋ​សភា ប្រការ ៣៤ថ្មី និងដើម្បីឱ្យមានសង្គតិភាពជាមួយក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋា​ភិបាល និងវិស័យនានានៃស្ថាប័នជាតិ ព្រមទាំងសមស្របនឹងការវិវត្តនៃរដ្ឋសភា នីតិ​កាលទី៧។

- បន្ថែមមួយកថាខណ្ឌចុងក្រោយ គឺ «តួនាទី និងភារកិច្ចរបស់គណៈ​កម្មការនានា​ នៃ​រដ្ឋសភាត្រូវបានកំណត់ ដោយសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋ​សភា​»

៣៖ ប្រការ ២៩ថ្មី៖
ប្រការនេះ ត្រូវបានកែសម្រួលនៅក្នុងចំណុចទី២ វាក្យខណ្ឌទី១ និងវាក្យខណ្ឌទី២ ដោយ​បន្ថែមពាក្យ «ឬលើគន្ធីមួយ ម្ដងៗក៏បាន» នៅចុងចំណុចទី២ ដើម្បីសម័យប្រជុំ​រដ្ឋសភា អាចធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងកម ឬសេចក្តីស្នើក្រម លើគន្ធីមួយ​ម្តងៗបាន។

ខ្លឹមសារកែសម្រួលថ្មី នៅក្នុងចំណុចទី២ វាក្យខណ្ឌទី១ និងវាក្យខណ្ឌទី២គឺ៖

អង្គសភាពិភាក្សា និងអនុម័តលើមាត្រាមួយម្តងៗក៏បាន ឬលើជំពូកមួយម្តងៗ​ក៏​បាន ឬលើគន្ធីមួយម្តងៗក៏បាន។ អង្គសភាអាចប្រើនីតិវិធីពិភាក្សាសង្ខេបបាន ដោយ​ពិភាក្សា​តែមាត្រា ឬជំពូក ឬគន្តីណាដែលមានសំណើធ្វើវិសោធនកម្ម​ជាលាយលក្ខណ៍​អក្សរដូចមានចែងក្នុងប្រការទាំងឡាយខាងលើនេះ៕