(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ក្នុងឱកាសដែលលោកស្រីចូលជួបសម្តែងការគួរសម។ ជំនួបនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា ក្នុងអំឡុងនៃកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្រ្តី និងលោកស្រីឯកអគ្គរដ្ឋទូត បានរំលឹកពីសារៈសំខាន់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទៅវិញទៅមកនៅប្រទេស គុយបា និងកម្ពុជា ដែលជាដាក់ចេញនូវទិសដៅដ៏ប្រសើរសម្រាប់ការពង្រឹង និងពង្រីកនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមកដែលរួមមាន វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា។ ដោយបានរំលឹកអំពីប្រវត្តិសាស្ត្រពីអតីតកាលរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាប្រចាំដែលគុយបាជួយកម្ពុជាក្នុងគ្រាលំបាក ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដោយ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អរបស់គុយបា លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជាមួយគុយបា និងសហគមន៍អន្តរជាតិ ក្នុងការអំពាវនាវឱ្យមានការលុបចោលនូវការដាក់ទណ្ឌកម្មបរទេសមកលើគុយបា។

លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានមានទស្សនៈដូចគ្នាថាចាំបាច់ត្រូវធ្វើការ បន្ថែមទៀត ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ ពិគ្រោះ យោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងធ្វើនៅឆ្នាំ២០២៤៕