(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិក ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ, គណៈកម្មការវាយតម្លៃអចលនវត្ថុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជួបជុំពិភាក្សាគ្នា ដើម្បីរួមគ្នាពង្រឹងគុណភាព ផ្នែកវាយតម្លៃ និងសេវាកម្មអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការជួបជុំគ្នានេះ ដើម្បីជំរុញរួបរួមគ្នា គាំទ្រទៅដល់ប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា កន្លងមកបន្ទាប់ពីការចេញប្រកាសនេះ របស់ក្រសួងសេដ្ឋកិច្ច, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានអនុវត្ដមួយចំនួន ប៉ុន្ដែនៅមិនទាន់មានប្រសិទ្ធភាពខ្លាំងនៅឡើយ។

លោក សន សៀប បានបញ្ជាក់ថា ការជួបជុំគ្នានេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានចាប់ដៃគូសហការជាមួយសមាជិក ដែលផ្ដល់សេវាកម្មវាយតម្លៃអចលនវត្ថុ ចំនួន៣២ក្រុមហ៊ុនផងដែរ។

បន្ថែមពីនោះទៀត លោក សន សៀប បានគូសបញ្ជាក់ថា សេវាកម្មវាយតម្លៃអចលនវត្ថុ គឺផ្ដោតទៅលើគុណភាពជាចម្បង ជៀសវាងការប្រកួតប្រជែង ទៅលើសេវាកម្មវាយតម្លៃអចលនវត្ថុ ហើយស្របជាមួយនឹងការប្រកាស របស់ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យធ្វើបែបនេះផងដែរ។

បើតាមការបញ្ជាក់ របស់លោក សន សៀប, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងចាប់ផ្ដើមពង្រឹង ទៅលើសេវាកម្មបន្ថែមទៀត ទាំងផ្នែកវាយតម្លៃ ជារបាយការណ៍ពេញលេញ និងការផ្ដល់តម្លៃបឋម ដែលចាប់ផ្ដើមគិតតម្លៃសេវាកម្ម ចាប់ពីខែមករា ឆ្នាំ២០២៤ ពីអតិថិជន។

លោក សន សៀប បានឲ្យដឹងថា ការគិតថ្លៃសេវាកម្ម វាយតម្លៃអចលនវត្ថុនេះ ដើម្បីផ្ដល់នូវប្រសិទ្ធភាព និងគុណភាពការងារ ឲ្យកាន់តែប្រសើរឡើង ដល់អតិថិជននូវភាពជឿជាក់ នូវគុណភាពសេវាកម្ម របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្ដីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក្នុងគោលបំណង៖

* ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យលើការយកកម្រៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
* ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងក្រុមហ៊ុន និងអតិថិជនដែលប្រើប្រាស់សេវាកម្ម វាយតម្លៃ និងសេវាកម្មអចលនវត្ថុ
* រក្សាបានសណ្តាប់ធ្នាប់នៅក្នុងទីផ្សារអចលនវត្ថុ តាមរយៈការជំរុញឲ្យមានការប្រកួតប្រជែងដោយសមភាព តម្លាភាព និងយុត្តិធម៌នៅក្នុងទីផ្សារអចលនវត្ថុ។

ប្រកាសនេះ មានគោលដៅកំណត់អំពីមូលដ្ឋាន នៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះ រាល់សកម្មភាព ពាក់ព័ន្ធការយកថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា៕