(បាត់ដំបង)៖ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់មន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំរៀង ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានផ្សព្វផ្សាយស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព,កាស្តារទំនាក់ទំនងគ្រួសារ ឃុំតាសែន ស្រុកកំរៀង មានប្រជាពលរដ្ឋចូលរួមចំនួន១៩៨នាក់(ស្រ្តី ១៤៣នាក់) និងកុមារ១៥នាក់(ស្រី១០នាក់)ក្រោមការបដិភាគថវិកាដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)។

ក្នុងឱកាសនោះដែរ មន្រ្តីអនុសាខាស្រុក និងអ្នកស្មគ្រ័ចិត្ត បានលើកឡើងថាដោយកង្វះខាតព័ត៌មានគ្រប់គ្រាន់សំរាប់ការធ្វើសេចក្តីសម្រេចចិត្ត នៅក្នុងការធ្វើចំណាកស្រុកនៅតែជាបញ្ហាប្រឈម ហើយជារឿយៗដោយសារតែបញ្ហានេះ បានធ្វើប្រជាពលរដ្ឋកម្ពុជា ដែលទៅធ្វើការងារនៅបរទេសនោះបានចាញ់បោកមេខ្យល់ ហើយ អ្នកខ្លះទៀតធ្លាក់ខ្លួនជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្សទៀតផង។

ដោយមើលឃើញពីសារៈសំខាន់នៃព័ត៌មានសំរាប់ពលករចំណាកស្រុកកម្ពុជា នឹងដើម្បីចូលរួមកាត់បន្ថយនូវហានិភ័យ និងភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ក្នុងការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការគាំទ្រពីកាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំផ្សព្វផ្សាយស្តីពីការលើកកំពស់ការចំណាកស្រុកដោយសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពឲ្យពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេទទួល បាននូវព័ត៌មានពេញលេញមុននឹងធ្វើការ សម្រេចចិត្តទៅធ្វើការងារនៅបរទេសជាពិសេសខេត្តដែលនៅតាមព្រំដែន។

ការចុះអប់រំផ្សព្វផ្សាយ នេះក៏មានគោលដៅដាច់ដោយឡែកមួយចំនួនដូចជា៖ * ពង្រឹងប្រព័ន្ធសុវត្ថិភាព ក្នុងការធ្វើចំណាកស្រុក -បង្ហាញនូវគន្លឹះសំខាន់ៗក្នុងការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងហានិភ័យដែលអាចកើតមាន * ផ្សព្វផ្សាយនៅបទពិសោធន៍របស់ពលករចំណាកស្រុក។ ជាមួយគ្នានេះក្រុមការងារបានចែកខិតបណ្ណ ការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងឯកសារមួយចំនួនដល់អ្នក ចូលរួមផងដែរ៕