(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥លានរៀល និងគ្រឿង​ឧបភោគបរិភោគមួយចំនួន ជូនគ្រួសារមួយដែលសម្រាលបានកូនភ្លោះ៣ (ស្រីពីរ ប្រុស១) ដែលមានលំនៅឋានក្នុងភូមិតាម៉ៅ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា យកទៅប្រគល់ជូនគ្រួសារខាងលើនៅមណ្ឌលសុខភាព នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

គ្រួសារដែលមានកូនភ្លោះ៣នេះ មានឪពុកឈ្មោះ ទៀ ចាន់ដារ៉ា មុខរបរចុងភៅ ម្តាយឈ្មោះ ហែម សាវី មុខរបរដេខោអាវ។ នេះកូនលើកដំបូងនៅក្នុងគ្រួសារ។ នៅចំពោះមុខគ្រួសារកូនភ្លោះបីនេះ លោក សេង ទៀង មានប្រសាសន៍នាំនូវ​ការផ្តាំ​ផ្ញើ​សាក​សួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារ​ខាងលើ។

លោក សេង ទៀង បានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលប្រមាណ ២៤ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រកូនភ្លោះ​បីនាក់ ​ឬ​បួននាក់ចំនួន៤០៧គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការ​លំបាក​ខ្វះខាត​​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

នាយករងខុទ្ទកាល័យសម្តេចធិបតីរូបនេះ បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ អំណោយ​ទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាក​ពិត​ប្រាកដ ចំពោះប្រជាពលរដ្ឋដែលបានសម្រាលកូនភ្លោះបី ឬបួននាក់។

ឪពុកកូនភ្លោះ៣ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់​ក្រងាយ​រង​គ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ហើយសម្តេចតែងចាត់ឱ្យតំណាងនាំ​ថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ ចែកជូនផ្ទាល់ដៃដល់គ្រួសារ សម្រាលបានកូន​ភ្លោះ​បីនាក់ ដើម្បីជួយសម្រាលការលំបាកក្នុងការចិញ្ចឹមបីបាច់កូន ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម។

អំណោយជូនដល់គ្រួសារកូនភ្លោះ៣ខាងលើនេះ ក្រៅពីថវិកា៥លានរៀលហើយនោះ មានអង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២៕